(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តក្រុងសាធារណៈដឹកអ្នកដំណើរ១គ្រឿង បានបើកបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមានមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងមនុស្សម្នាក់ទៀត បានរងរបួសបាក់ជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង០២៖៣០នាទី រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនបង្កមានឈ្មោះ ស៊ីម ណាត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកបររថយន្តក្រុង ស្នាក់នៅភូមិត្រពាំងឈូក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះ ដែលស្លាប់បាត់បង់ ជីវិតមានឈ្មោះ នៅ វណ្ណឌី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧អា ផ្លូវ ៣៣បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះម្នាក់ ដែលបាក់ជើងនោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តក្រុងសាធារណៈដឹកអ្នកដំណើរ១គ្រឿង ខ្សែទី១០ ពីផ្សារស៊ីនជូរីផ្លាហ្សា ដល់ចំណតបឹងឈូក បានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិចតាមបណ្ដោយផ្លូវ៣៧១ លុះមកដល់ត្រង់ចំណុចស្ថានីយបូមទឹកបឹងទំពុន ស្រាប់តែរថយន្តក្រុងខាងលើ បានបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្សម្នាក់ទៀត បានរងរបួសបាក់ជើង ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ក្រោយមករថយន្តបង្ក ក៏បានបន្តទៅបុករះរថយន្តជាច្រើនគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត។
ក្រោយមករថយន្តបង្កខាងលើ បានព្យាយាមបើករត់គេច តែត្រូវបានកម្លាំងនគរបាល មានសមត្ថកិច្ចធ្វើការដេញតាម និងឃាត់ខ្លួនបាន ជនបង្កខាងលើយកមកប៉ុស្តិ៍។ ក្រោមមកកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានធ្វើការទាកទង ហៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក ព្រមទាំងរថយន្ត និងម៉ូតូរងគ្រោះយកទៅរក្សាទុក នៅការិយាល័យជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕