(កោះកុង)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុងនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់ឆ្នេរ និងការទទួលខុសត្រូវចំពោះការការពារ និងអភិរក្សធនធានធម្មជាតិ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះ «ការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការការពារ និង អភិរក្សធនធានធម្មជាតិ តាមរយៈវិស័យទេសចរណ៍ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់រវាងគ្រប់ភាគីពាក់ព័ន្ធក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និងវប្បធម៌ ស្របពេល ដែលខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាល កំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត (Finest and High Class Resort Town) និងជា គោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញថ្មីមួយ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ និងសកលលោកតាមរយៈការបង្កើតនូវផលិតផលអេកូទេសចរណ៍ដែលអាចផ្តល់នូវបទពិសោធន៍ល្អៗ ប្រកបដោយគុណភាពខ្ពស់ ដិតជាប់អារម្មណ៍ដល់ភ្ញៀវទេសចរ ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រ និងជំរុញកិច្ចអភិរក្សធនធានធម្មជាតិ រួមចំណែកទប់ទល់បំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព»។
ពិធីបុណ្យសមុទ្ររឆ្នាំ២០១៨នេះ រៀបចំឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមជាមួយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់ កំណើនបៃតង និង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រឆ្នាំនេះ គណៈកម្មការអន្តរក្រសួង បានរៀបចំឱ្យមានជាសកម្មភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ ការតាំងពិព័រណ៌សមិទ្ធផល, មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និង គម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៥០០ ស្តង់ ក្នុងនោះស្តង់ពិព័រណ៌ផលិតផលក្នុងស្រុករួមទាំងស្តង់ផលិតផលសហ គ្រាសធុនតូច និងមធ្យម និង ក្រុមហ៊ុនអភិវឌ្ឍ មានចំនួន ៣៥០ ស្តង់ និងស្តង់ពិព័រណ៌បរទេសមានចំនួន ១៥០ ស្តង់ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត ក្រសួងស្ថាប័ន ផ្នែក-ឯកជន។
២៖ ការដើរក្បួនព្យុហយាត្រានិងការសម្តែងទស្សនីយភាពសិល្បៈដែលមានការចូលរួមពីសិល្បករខ្មែរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តទាំង៤តំបន់ឆ្នេរ និងបណ្តាប្រទេស ជាមិត្តរួមមាន សាធារណៈរដ្ឋឥណ្ឌា, សាធារណៈរដ្ឋឥណ្ឌូនេស៊ី, ព្រះរាជា-ណាចក្រថៃ និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
៣៖ សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរ (Fun Run ៣-៥ គម, កីឡាទូកក្តោង, កីឡាបាល់ទះលើខ្សាច់, ប្រដាល់គុនខ្មែរ, ការប្រកួតជាអន្តរជាតិកីឡាស្គីលើទឹក, ការប្រណាំងកង់ ២០គម, កីឡាTriathlon, កីឡាចោលថាស) ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
៤៖ ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុកដល់ប្រជា-ពលរដ្ឋ យុវជនមកកាន់គោលដៅអេកូទេសចរណ៍ខេត្តកោះកុង ពោលគឺផ្សារភ្ជាប់រវាងសកម្មភាពអេកូទេសចរណ៍ ទេសចរណ៍ទីក្រុង និងទេសចរណ៍សមុទ្រប្រកបដោយភាពទាក់ទាញ ក្នុងនោះមានកញ្ចប់ខ្សែទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍ ជីផាត់ អារ៉ែង ព្រៃកោងកាង តាតៃ និងមានឆ្នេរកម្សាន្តថ្មីមួយគឺឆ្នេរប៉ាក់ខ្លង...។
៥៖ កម្មវិធី «កោះកុងស្អាត» អមជាមួយការផ្សព្វផ្សាយយុទ្ធនាការ «ភោជនីយដ្ឋានស្អាត ៖ ភោជនីយដ្ឋានដែលមានគុណភាព និងអនាម័យល្អ ពិសេសគ្មានសំរាមជាក្រដាសក្រោមតុ» និងផ្សព្វ-ផ្សាយ «ក្រមប្រតិបត្តិភោជនីយដ្ឋាន និងអាហារដ្ឋាន ទេសចរណ៍ស្អាត»ផងដែរ។
សូមបញ្ជាក់ថា ខេត្តកោះកុង ដែលទទួលភារៈជាម្ចាស់នៃការរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ និងអេកូទេសចរណ៍ជាច្រើនជាអាទិ៍៖ តំបន់អេកូទេសចរណ៍អារ៉ែង សហគមន៍អេកូទេសចរណ៍ជីផាត សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងរូង សហគមន៍អេកូទេសចរណ៍ តាតៃក្រោម សហគមន៍ទេសចរណ៍ព្រៃកោងកាងពាមក្រសោប និងមានរមណីយដ្ឋានអេកូទេសចរណ៍ខ្នាតធំជាច្រើនទៀតដូចជា រមណីយដ្ឋានវិសម្សកាលតារាសាគរ រមណីយដ្ឋានទេសចរណ៍តាតៃ និងបណ្តារមណីយដ្ឋានធំៗដ៏ទៃទៀតជាច្រើនដែលបាននឹងកំពុងដំណើរធុរៈកិច្ចរបស់ខ្លួន ហើយតាមរយៈសកម្មភាពនេះបាននឹងកំពុងនាំមកនូវប្រភពសេដ្ឋកិច្ចជាច្រើនដល់សហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ។ ប្រការគួរឱ្យកត់សម្គាល់កន្លងមកក្រសួងស្ថាប័នជាច្រើន ផ្នែក ឯកជន ដៃគូអភិវឌ្ឍ និងដោយមានក្រសួងទេសចរណ៍ជាស្ថាប័ននាំមុខបាន រៀបចំអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍យ៉ាងសកម្ម៕