(ភ្នំពេញ)៖ ក្រុមហ៊ុន អនុស្សា ដែលមាន លោក សេង ពិសិដ្ឋ ជាអគ្គនាយកប្រតិបត្តិ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំសន្និសីទអាហារូបករណ៍លើកទី៧ ដើម្បីឱ្យសិស្ស-និស្សិត អាចស្វែងយល់ពីឱកាសទទួលបានអាហារូបករណ៍ នៅក្រៅប្រទេស និងត្រៀមខ្លួនទុកជាមុន ក្នុងការបង្កើតអត្រាជោគជ័យខ្ពស់ ក្នុងអាហារូបករណ៍ថ្នាក់តំបន់ និងអន្តរជាតិ និងបានស្វែងយល់បន្ថែមពីការធ្វើតេស្តស្តង់ដារ IELTS ដែលជាតម្រូវការទូទៅសម្រាប់អាហារូបករណ៍ និងព័ត៌មានអាហារូបករណ៍ផ្សេងៗ ទៅកាន់ប្រទេស នៅអឺរ៉ុប អូស្រ្តាលី ណូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក អង់គ្លេស និងបណ្តាប្រទេសអាស៊ានផ្សេងៗ ដែលផ្តល់ដោយវិទ្យាស្ថាន ACE និង IDP ។
នៅក្នុងពិធីនោះផងដែរ ក៏មានការចូលរួម ពីតំណាងស្ថានទូតធំៗ មួយចំនួនដូចជា បារាំង អង់គ្លេស អឺរ៉ុប ស្ថាប័នផ្តល់អាហារូបករណ៍ និងអតីតនិស្សិតទទួលបានអាហារូបករណ៍ ជាច្រើនរូប បានចូលរួមបកស្រាយបង្ហាញពីគន្លឹះសំខាន់ៗ ក្នុងការត្រៀមខ្លួនទុកជាមុនឱ្យមានប្រសិទ្ធភាព និងលក្ខខណ្ឌនៃអាហារូបរណ៍ល្បី ចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លីៗ ដើម្បីបង្ហាញជូន សិស្ស និស្សិត ដែលបានចូលរួមប្រមាណជិត ១,០០០ នាក់ផងដែរ នៅមជ្ឈមណ្ឌកសហប្រតិបត្តិការកម្ពុជា-កូរ៉េ ( CKCC )។
ថ្លែងក្នុងឱកាសនោះ លោក សេង ពិសិដ្ឋ បានឱ្យដឹងថា មូលដ្ឋានគ្រឹះសំខាន់ៗរបស់មនុស្សគឺ មិនមានអ្វីក្រៅពីការអភិវឌ្ឍសមត្ថភាពរបស់យើងនោះទេ ហើយបើប្រៀបធៀបកាលពី ១០ឆ្នាំមុន នៅពេលដែលឃើញមានមនុស្ស ២ទៅ៣នាក់ បាននៅរៀនអាហារូបករណ៍នៅបរទេស គឺពិតជាឡូយខ្លាំងណាស់ តែបើក្រលេកមើល ១០ឆ្នាំក្រោយនេះវិញ ប្រសិនបើយើងមិនបានចេញទៅក្រៅប្រទេស នៅតែស្រុកខ្មែរសុទ្ធ យើងមិនត្រឹមអត់ឡូយនោះទេ ថែមទាំងយើង ដើរមិនទាន់គេទៀតផងនៅក្រោយគេទៀត ហើយប្រសិនបើនៅពេលយើងធ្វើការ គឺនៅពីខាងក្រោយគេទៀតផង។
លោកបានបន្ថែមទៀតថា នៅក្នុងពិភពលោកដែលនៅពេលបច្ចុប្បន្ននេះ កំពុងតែមានសកលភាវូបនីយកម្មដើរលឿនណាស់ ដូចនេះយើងមិនមានមូលហេតុអ្វី ដែលអាចបន្ទោសថា យើងមិនពូកែ មិនមានសមត្ថភាពខ្ពស់ ដោយសារតែប្រព័ន្ធអប់រំរបស់យើងនៅទាបនោះទេ សម័យនេះប្រព័ន្ធបច្ចេកវិទ្យា គឺមាននៅក្នុងដៃរបស់យើងគ្រប់ៗ ដូចនេះយើងគួរតែចាប់យកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ឱ្យកាន់តែខ្លាំងបន្ថែមទៀត មើលទៅកាន់ពិភពលោក ឱ្យបានទូលាយជាងមុន ចេះស្វែងរកឱកាសអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង និងត្រលប់មកវិញដើម្បីជួយដល់ប្រទេសជាតិ។
សូមបញ្ជាក់ថា សន្និសីទអាហារូបករណ៍លើកទី៧នេះ បានផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ ស្គាល់អាហារូបករណ៍ល្បីៗជាង ៣០ប្រភេទ, រៀនស្វែងរកអាហារូបករណ៍គ្រប់កម្រិត, រៀនការស្នើសុំផ្ទាល់ទៅកាន់សកលវិទ្យាល័យនៅក្រៅប្រទេស, រៀនសរសេរ Personal Statement និង Study Plan , ត្រៀមសម្ភាសន៍ និងបំពេញបែបបទ, សន្និសីទនេះទទួលបានការឧបត្ថម្ភដោយធំដោយ ក្រុមហ៊ុនថ្នាំពណ៍ជាតិ និងសហការឧបត្ថម្ភដោយ IDP៕