(ភ្នំពេញ)៖ នៅក្រោមដំបូលផ្ទះតែមួយ ដែលធ្លាប់តែពោរពេញដោយ ភាពកក់ក្ដៅ សុភមង្គល ការសើចសប្បាយរីករាយ ការជួបជុំគ្នារវាងម្ដាយ ឪពុក និងកូនៗ ស្រាប់តែប្រែមកជាស្ងាត់ជ្រងំ និងមានតែទុក្ខសោកសង្រេង ដោយសារតែការព្រាតគ្មានថ្ងៃនឹងត្រឡប់របស់ឪពុក និងម្ដាយ ដែលជាអ្នកមានគុណ និងជាទីគោរពស្រលាញ់ពេញក្រអៅបេះដូង ព្រោះតែកំហឹងដ៏ធ្ងន់មួយពេល។
វេលាម៉ោងជាង៨យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្នូរគ្រាប់កាំភ្លើងប្រមាណ៤គ្រាប់ បានបន្លឺឡើងផ្ទួនៗ ដែលបាញ់ដោយលោកឪពុក ទៅលើអ្នកម្ដាយ រួចបានសម្លាប់ខ្លួនតាមក្រោយ ដោយបន្សល់ទុកឲ្យកូនប្រុសស្រី២នាក់ នៅឯកោគ្មានទីពឹង និងរកកោះរកត្រើយមិនឃើញនោះឡើយ។ ការលើកដៃប្រហាររបស់ លោកឪពុក ទៅលើអ្នកម្ដាយបែបនេះ ក៏ដោយសារតែឪពុក កើតមានកំហឹងទៅលើអ្នកម្ដាយ ព្រោះចំណងស្នេហ៍លែងដូចគ្រាដើម។
កំហឹងនេះហើយបានធ្វើឲ្យកូនប្រុសស្រី២នាក់ ប្រែក្លាយជាក្មេងកំព្រាភ្លាមៗមួយរំពេច ហើយនឹងកែប្រែស្ថានភាពជីវិតរបស់ពួកគេផងដែរ។ តើអ្នកណាម្នាក់ អាចទប់ចិត្ត និងទឹកភ្នែកបាននោះ នៅពេលដែលម្ដាយឪពុក ឃ្លាតចាកឆ្ងាយសែនឆ្ងាយ គ្មានថ្ងៃនឹងត្រឡប់ក្រោយ ដោយបន្សល់ទុកត្រឹមតែអនុស្សា ពេលកន្លងមកបែបនេះនោះ។
ទុក្ខសោកទាំងអស់នេះ ក៏បង្កើតបានជាអក្ខរាដែលស្ដែងចេញ ពីក្នុងក្រអៅបេះដូងរបស់ពួកគេទាំង២នាក់ ពោរពេញដោយក្ដីអាណោះអាល័យជាពន់ពេក ហើយបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយមានការចូលរួមសោកស្ដាយ និងសារលើកទឹកចិត្តឲ្យតស៊ូរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ជូនដល់ពួកគេទាំងពីរនាក់ផងដែរ។
កូនប្រុសរបស់ជនរងគ្រោះដែលស្លាប់ ក្នុងករណីប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ព្រោះតែរឿងប្រច័ណ្ឌ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបង្ហោះសារជាបន្ដបន្ទាប់នៅលើ Facebook ដែលរៀបរាប់ពីការសោកស្ដាយ និងអាណោះអាល័យ ចំពោះលោកអ្នកមានគុណទាំងពីរ ដែលគ្មានថ្ងៃនឹងត្រឡប់ក្រោយ។
គណនី Facebook ឈ្មោះ Dit Vee ដែលគេស្គាល់ថា ជាកូនប្រុសរបស់ជនរងគ្រោះ អមជាមួយរូបភាពមួយសន្លឹកឈរនៅខាងមុខក្ដាមឈូ បានសរសេរថា «ជិតដល់ពេលដែលយើងបែកគ្នាហើយ ខ្ញុំនឹកអ្នកខ្លាំងណាស់ ចង់ឲ្យអ្នកទាំង២ វិលមកវិញខ្លាំងណាស់ អ្នកទៅទាំងមិនបានប្រាប់ខ្ញុំ សូម្បីតែមួយម៉ាត់ នេះជាថ្ងៃចុងក្រោយហើយនៅក្បែរគ្នា»។
សារមួយឃ្លា ក្នុងចំណោមសារជាច្រើន ដែលរូបគេបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ក៏មានការចែកចាយជាបន្ដបន្ទាប់ លាយលំជាមួយ ការចូលរួមចំលែកទុក្ខ និងលើកទឹកចិត្តឡើងវិញ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដើម្បីឲ្យរូបគេទាំងពីរនាក់បងប្អូនខិតខំប្រឹងប្រែងតស៊ូដើម្បីអនាគត ត្បិតតែម្ដាយឪពុកស្លាប់ចោលក៏ពិតមែន។
យ៉ាងណាមិញ ករណីនេះក៏ជាមេរៀនមួយសម្រាប់មនុស្សគ្រប់គ្នា ពិសេសសម្រាប់មេគ្រួសារទាំងឡាយ ដោយហេតុតែកំហឹងមួយពេល មិនបានគិតអ្វីវែងឆ្ងាយ អាចកែប្រែស្ថានភាពគ្រួសារ និងការព្រាតប្រាសគ្មានថ្ងៃនឹងវិលត្រឡប់ និងពោរពេញដោយវិប្បដិសារីអស់មួយជីវិត ដូចពាក្យចាស់លោកពោលថា «ខឹងខុស ខឹងខូច ខឹងមិនចំណេញនោះទេ»។ ហើយក៏ជាមេរៀនមួយ សម្រាប់ឲ្យមនុស្សគ្រប់គ្នាចេះគ្រប់គ្រងនូវកំហឹងរបស់ខ្លួន ព្រោះថានៅពេលដែលបញ្ចេញទៅមិនមានផលល្អត្រឡប់មកវិញឡើយ។
សូមជម្រាបថា ករណីប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ក្នុងថ្លុកឈាម ដែលកើតឡើងនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិបល័្លង្លកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំនោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ធំបញ្ជាក់ថា ដោយសារតែភ្លើងប្រច័ណ្ឌយ៉ាងពិតប្រាកដ ហើយមុនថ្ងៃកើតហេតុ ប្តីប្រពន្ធទាំង២នាក់ធ្លាប់ឈ្លោះគ្នាជាច្រើនលើកច្រើនសាររួចមកហើយ។
ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ Fresh News ថា «ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ឋពិតជាមានជម្លោះ រឿងស្នេហា ដោយខាងប្រុសប្រច័ណ្ឌភរិយា ទើបឈានដល់ការបាញ់សម្លាប់គ្នាដោយអាវុធខ្លី ម៉ាកវុលរ៉ូវែ ចំនួន៥គ្រាប់ ដែលកាំភ្លើងនោះសន្និដ្ឋានថា អាចលាក់ទុកកាលពីសម័យ ធ្វើជាទាហាន នៅខេត្តព្រះវិហារ»។
លោកស្នងការបានបញ្ជាក់ទៀតថា ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិបល័្លង្លកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយជនដៃដល់ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៧ឆ្នាំ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ ចំឆ្អឹងខ្នង បន្ទាប់ពីប្រពន្ធបានស្លាប់ ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីរនាក់។ អ្នកទាំងពីរមានមុខរបរលក់បាយ និងលាងឡាន៕