(ភ្នំពេញ)៖ ឧទ្ធម្ភាគចក្រ និងយន្តហោះឯកជនជាច្រើនគ្រឿង ព្រមទាំងបច្ចេកវិទ្យាច្នៃ និងផលិតដោយសិស្សនិស្សិតខ្មែរ ត្រូវបានដាក់តាំងបង្ហាញជូនសាធារណជន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ក្រៅពីនេះ ក៏មានសិក្ខាសាលាស្តីពីយន្តហោះ និងបច្ចេកវិទ្យា និងការប្រកួតប្រជែង «យន្តហោះកៅស៊ូ» ផងដែរ។
ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា គឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានរៀបចំឡើងដោយ ក្រុមយុវជនកម្ពុជាដែលស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំងនូវជំនាញ និងមុខវិជ្ជាអំពីយន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្ត។
គោលបំណងនៃពិព័រណ៍នេះ គឺចង់ផ្តួចផ្តើមគំនិត និងបណ្តុះគំនិតដល់យុវជន សិស្ស និស្សិត ជំនាន់ក្រោយដែលមានទឹកចិត្តស្រលាញ់វិស័យអាកាសចរណ៍ និងយន្តហោះ ជាពិសេសបច្ចេកវិទ្យា មានឱកាសទទួលបានចំណេះដឹង បទពិសោធន៍ ដែលមានយន្តហោះផ្ទាល់ អាចចូលមើលទាំងផ្នែកខាងក្នុង និងខាងក្រៅ និងស្វែងយល់ពីបច្ចេកវិទ្យាផងដែរ។
លោក ឈី កុលបុត្រា ប្រធានរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា មកពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានឲ្យដឹងថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០១៨ នេះជាការរៀបចំលើកដំបូង នៅក្នុងកម្ពុជា ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពី កងទ័ពជើងអាកាស និង ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រសហការរៀបចំពីក្រុមហ៊ុន Helistar (Cambodia) និងអង្គការសែ្ទមកម្ពុជា។
លោកបានបញ្ជាក់ថា ពិព័រណ៍នេះ មានគោលបំណងផ្តល់ឱកាសដល់យុវជន សិស្សនិស្សិត កម្ពុជាទាំងអស់ និងសាធារណជនបានឃើញ និងចូលទស្សនាដោយសេរី តាមរយៈការដាក់បង្ហាញ យន្តហោះឯកជន (Private Jets) និងឧទ្ធម្ភាគចក្រ (Helicopters) ជាដើម ទាំងផ្នែកខាងក្រៅ និងក្នុងនៃយន្តហោះ ព្រមទាំង ការតាំងបង្ហាញនូវស្នាដៃទេពកោសល្យកូនខែ្មរយើង ដែលបានផលិតឧបករណ៍អេឡិចត្រូនិច គ្រឿងយន្ត បច្ចេកវិទ្យា និងការសរសេរកូដផ្សេងៗជាដើម។
លោក ឈី កុលបុត្រា បានបន្ដថា នេះក៏ជាឱកាសដ៏វិសេសមួយ ដែលប្រមូលផ្តុំនូវធនធានមនុស្ស យុវជនសិស្សនិសិ្សតកម្ពុជា មកពីវិទ្យាល័យ សកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដែលមានជំនាញផ្នែក បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម វិទ្យាសាស្រ្ត និងព្រមទាំង ស្រឡាញ់ចូលចិត្តចំណេះដឹងយន្តហោះ និងអាកាសចរ និងលើសពីនេះយុវជន សិស្សនិសិ្សត និងអ្នកចូលរួមទាំងអស់ អាចសួរជាសំណួរចម្លើយ ទៅកាន់អ្នកបើកយន្តហោះ ដែលនៅទីនោះផ្ទាល់ ឯកទេស និងយុវជន សិស្សនិស្សិតនានា ដែលចូលរួមតាំងពិព័រណ៍បង្ហាញអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម -ល-។
លោក បានឲ្យដឹងទៀតថា អ្វីគួរឲ្យអារម្មណ៍ក្នុងកម្មវិធីនេះ គឺការប្រកួតប្រជែង «យន្តហោះកៅស៊ូ» ដែលច្នៃដោយដៃ និងមានការចូលរួមពីសិស្ស១៤ ក្រុម។ ការប្រកួតធ្វើឡើងក្នុងគោលបំណង ឲ្យសិស្សស្វែងយល់ពីមូលដ្ឋានគ្រឹះខ្លះ ជំនាញឌីហ្សាញ និងចំណុចផ្សេងៗទៀត៕