(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីមន្រ្តីជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យមើលស្ថានភាពច្រាំងទន្លេ ដែលមានការបាក់ស្រុតខ្លាំង តាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំឬស្សីជ្រោយ ឃុំព្រែកដំបង និងឃុំរកាកោងទី១ នៃស្រុកមុខកំពូល ខេត្តកណ្តាល។
តាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន និងតាមរយៈការចុះពិនិត្យដោយផ្ទាល់ឃើញថា ស្ថានភាពច្រាំងនៅក្នុងភូមិសាស្រ្ត ឃុំឬស្សីជ្រោយ ដែលទទួលរងការបាក់ច្រាំងខ្លាំងជាបន្តបន្ទាប់ ពិសេសនៅក្នុងរយៈពេលថ្មីៗនេះ បណ្តាលឲ្យមានការប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋចំនួន ០៤ភូមិ សរុបចំនួន ៥៧ខ្នងផ្ទះ ដោយក្នុងនោះ ត្រៀមរុះរើទៅរកទីកន្លែងសុវត្ថិភាពចំនួន៤០ខ្នងផ្ទះ និងរុះរើរួចរាល់ចំនួន១៧ខ្នងផ្ទះ។ ក្រុមការងារថ្នាក់ជាតិ បានសហការយ៉ាងជិតស្និត ជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ ក្នុងការជួយរុះរើដឹកជញ្ជូនទៅទីកន្លែងសុវត្ថិភាព និងបានជួយឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួនផងដែរ។
តាមរយៈការពិនិត្យជាក់ស្តែង ចំពោះមូលហេតុនៃការបាក់ស្រុតច្រាំងទន្លេខ្លាំង នៅក្នុងភូមិសាស្រ្ត ឃុំឬស្សីជ្រោយ គឺដោយសារទីតាំងនេះ ស្ថិតនៅចំពីមុខចរន្តទឹកហូរបុកខ្លាំងពេក គួបផ្សំនឹងការដុះកោះ ដែលធ្វើឲ្យមាន ការផ្លាស់ប្តូរចរន្តទឹក ក្នុងខណៈដែលការបូមខ្សាច់ ជាពិសេសការបូមយកខ្សាច់ដែលដុះ នៅមិនទាន់អាចបង្វែចរន្តទឹកហូរ ឲ្យស្ថិតនៅចំកណ្តាលឃ្លងនៃទន្លេនៅឡើយ ពោលគឺចរន្តទឹកនៅតែបន្តហូរ បុករះប៉ះចំ ត្រើយតែម្ខាងនៃទន្លេ។ ទន្ទឹមនឹងនេះ ករណីមានការបូមខ្សាច់នៅកៀកពេកនឹងច្រាំង ដែលមានចរន្តទឹកហូរបុកចំខ្លាំងស្រាប់ ក៏អាចជាមូលហេតុមួយផ្នែកទៀត ដែលបណ្តាលឲ្យមានការបាក់ច្រាំងផងដែរ។
តាមរយៈការជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ក៏ដូចជាដោយមានសំណូមពរពីប្រជាពលរដ្ឋដែលទទួលរងគ្រោះ ពីមហន្តរាយនៃបាក់ច្រាំងទន្លេ លោក វង្សី វិស្សុត បានស្នើនូវវិធានការចំនួន០៥ ចំណុចទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដែលរួមមាន៖
ទី១៖ ស្នើឲ្យមានការផ្អាកការបូមខ្សាច់ នៅត្រង់ចំណុចភូមិព្រែកយាយហ៊ិន ឃុំឬស្សីជ្រោយ ជាបណ្តោះអាសិនមួយរយៈសិន ដោយសារចំណុចនេះ ស្ថិតនៅចំពីមុខចរន្តទឹកបុកខ្លាំង។
ទី២៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នឹងចូលរួមដោយផ្ទាល់ជាមួយមន្រ្តីនៃក្រសួងរ៉ែ និងថាមពល ក្នុងការយាមល្បាត និងត្រួតពិនិត្យលើទង្វើបូមខ្សាច់ខុសច្បាប់ និងខុសពីគោលការណ៍ រួមទាំងការបូមខ្សាច់នៅពេលយប់ផង។
ទី៣៖ ជំរុញការអនុវត្តគម្រោងការពារច្រាំងបាក់ ដែលរាជរដ្ឋាភិបាលផ្តល់ការអនុម័តរួចហើយ។
ទី៤៖ ត្រួតពិនិត្យ និងកំណត់ឡើងវិញនូវព្រំប្រទល់ និងទីតាំង ដែលអាចបូមខ្សាច់បាន សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ ហើយពុំប៉ះពាល់ទៅដល់បទដ្ឋានបច្ចេកទេស។
ទី៥៖ អនុវត្តគម្រោងបូមខ្សាច់ នៅតាមតំបន់កោះដែលដុះដី ដែលជាមូលហេតុនៃការផ្លាស់ប្តូរចរន្តទឹក ក៏ដូចជាការបូមបាតទន្លេ ដើម្បីបង្វែមុខទឹក (ឲ្យក្លាយជាអក្សរ V) ដើម្បីឲ្យចរន្តទឹកហូរជាប្រក្រតីឡើងវិញ កុំឲ្យបុកបាក់ច្រាំងដូចពេលនេះទៀត។ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ បានសំដែងនូវការសប្បាយរីករាយ ចំពោះសំណើរវិធានការទាំង ០៥ចំណុចខាងលើ។
ជាមួយគ្នានេះដែរ លោក វង្សី វិស្សុត ក៏បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ឲ្យជំរុញការងារស្ថាបនាការពារ ការបាក់ច្រាំងទន្លេនៅក្នុងភូមិសាស្រ្ត ឃុំព្រែកដំបង និងឃុំរកាកោងទី១ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសនៅក្នុងភូមិសាស្រ្ត ឃុំព្រែកដំបង ដោយសារទីតាំងបាក់ច្រាំង មានចម្ងាយត្រឹមតែប្រមាណ ២០ម៉ែតប៉ុណ្ណោះពីផ្លូវជាតិលេខ ៦។
ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ និងពន្យល់ផងដែរចំពោះដំណោះស្រាយពាក់ព័ន្ធ ការបាក់ច្រាំងនៅចំណុចខាងលើនេះផងដែរ។ ខាងក្រោមនេះ ជាការពន្យល់បន្ថែមពី មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖
*ច្រាំងទន្លេមេគង្គនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល តែងតែជួបនូវបញ្ហាបាក់ច្រាំងជារៀងរហូតមក ជាពិសេសនៅក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។ តាមការឲ្យដឹងពីប្រជាពលរដ្ឋ នៅតំបន់នោះ បានលើកឡើងថា តាំងពីគាត់ដឹងក្តីមកដីនៅច្រាំងខាងលិច តែងតែបាក់រហូតមក រីឯដីនៅច្រាំងខាងកើតមានការដុះច្រើន។ ពួកគាត់បានបន្តទៀតថា នៅចន្លោះឆ្នាំ២០១០-២០១៤ មានការបាក់ច្រាំងជាខ្លាំង ដីនៅចន្លោះ១០០ ទៅ២០០ម៉ែត្រ បានចូលទៅក្នុងទន្លេ តំបន់នេះបានបាក់ខ្លាំងជាថ្មីម្តងទៀតនៅចុងឆ្នាំ២០១៨នេះ។
ក្រុមជំនាញបានចុះពិនិត្យ និងតាមដានស្ថានភាពទីតាំងនេះ ចាប់តាំងពីឆ្នាំ២០១៥ ដោយបានរកឃើញថា ច្រាំងទន្លេនៅតំបន់នេះ រងហានិភ័យខ្ពស់ ដោយសារបញ្ហាធំៗចំនួន៣៖
*ទី១៖ ស្ថានភាពបាតទន្លេជ្រៅខ្លាំងពី៨ ទៅជិត៣០ម៉ែត្រ នៅត្រើយខាងលិច (ឃុំឬស្សីជ្រោយ) ហើយមានជម្រៅរាក់ និងដុះខ្សាច់ច្រើននៅត្រើយខាងកើត។ កត្តានេះធ្វើឱ្យច្រាំងទន្លេខាងលិច បាត់បង់លំនឹង ដោយសារទឹកហូរខ្លាំងបុកមកច្រាំង។
*ទី២៖ សម្ពាធទឹកក្រោមដី។ ឆ្នាំនេះទឹកឡើងធំបណ្ដាលឱ្យជន់ជោរទៅតាមបឹងទាំងឡាយ នៅក្បែរទន្លេ រួមទាំងកំពស់ដង្ហើមទឹកក្រោមដីមានការកើនឡើង។ នៅពេលដែលទឹកទន្លេស្រកទៅវិញជាគំហុក ធ្វើឱ្យកំពស់ទឹកក្រោមដីស្រកទៅវិញមិនទាន់។ នេះជាហេតុធ្វើឱ្យទឹកក្រោមដីបន្តហូរចូលមកទន្លេវិញ តាមស្រទាប់ដីល្បាយខ្សាច់ ដែលលំហូរនេះធ្វើឱ្យដីស្រទាប់ក្រោមទន់ជ្រាយ និងងាយរអិលបាក់។
*ទី៣៖ ស្ថានភាពទន្លេនៅតំបន់រកាកោងនេះ (ឃុំឬស្សីជ្រោយ ព្រែកដំបង និងរការកោង) មានសភាពកោងខ្លាំងដែលធ្វើឱ្យខ្សែទឹកហូរបុកច្រាំងត្រើយខាងលិច រីឯត្រើយខាងកើតមានការដុះខ្សាច់ជាច្រើន។
ក្នុងស្ថានភាពបែបនេះ កាលពីខែមីនា និងតុលាកន្លងទៅ ក្រសួងសេដ្ឋកិច្ច បានកោះប្រជុំក្រសួងពាក់ព័ន្ធដែលរួមមាន៖ ក្រសួងធនធានទឹក ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការ ដើម្បីស្វែងរកដំណោះស្រាយ។ កិច្ចពិភាក្សាបានបង្ហាញដោយអ្នកជំនាញថា ស្ថានភាព នៃច្រាំងទន្លេមេគង្គតំបន់ស្រុកមុខកំពូល កំពុងរងហានិភ័យខ្ពស់ ដែលបង្ករការគំរាមកំហែងយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលនៅតាមដងទន្លេ និងផ្លូវជាតិ6A ដែលជាសសៃឈាមនៃសេដ្ឋកិច្ចជាតិ បើគ្មានសកម្មភាពទប់ស្កាត់ឱ្យបានទាន់ពេលនោះទេ។ ដើម្បីបញ្ចៀសបញ្ហាបាក់ដាច់ផ្លូវជាតិ 6A និងការរស់នៅរបស់ប្រជាពលរដ្ឋ អង្គប្រជុំបានលើកវិធានការបន្ទាន់ដែលរួមមាន៖ ការផ្តល់ថវិកាជាបន្ទាន់ ដើម្បីឱ្យក្រសួងធនធានទឹកទប់លំនឹងច្រាំងខាងលិច ក្នុងតំបន់ស្រុកមុខកំពូល ដោយប្រើបាវខ្សាច់ Géotextile ហើយក្រសួង រ៉ែនិងថាមពល ត្រូវសម្រុកបូមស្ដារបាតទន្លេមេគង្គប៉ែកខាងកើត ដើម្បីសំរួលចរន្តទឹក និងបន្តសិក្សារកវិធីសាស្ត្រដែលអាចកែបញ្ហាគ្រោះធម្មជាតិនេះ ឱ្យបានជោគជ័យ មុនពេលដែលចរន្តទឹកអាចផ្តាច់ផ្លូវជាតិលេខ6A។
ក្រោយពីកិច្ចប្រជុំនេះ ក្រសួងរ៉ែ និងថាមពល បានចេញវិធានការ បិទឡូត៍ខ្សាច់ធំៗទាំងឡាយនៅភ្នំពេញ និងខេត្តកណ្តាលដើម្បីប្រមូលកម្លាំងមកបូមស្តារទន្លេមេគង្គប៉ែកខាងកើត ដែលពោរពេញដោយកំណកខ្សាច់ និងសម្រួលចរន្តទឹកពីទិសខាងលិចលមកខាងកើតវិញម្តង។
ជារឿងអភព្វដោយសារតែទឹកស្រកលឿនពេក ជាហេតុធ្វើការបាក់ច្រាំងថ្មីៗនេះ បានកើតឡើង ហើយបណ្ដាលឱ្យប្រជាពលរដ្ឋនៅតាមដងទន្លេក្នុងឃុំឬស្សីជ្រោយត្រូវបានរងគ្រោះជាខ្លាំង។ មតិមហាជននៅទីនោះ បានចោទទៅលើការបូមខ្សាច់ដែលត្រូវស្ដារបាតទន្លេប៉ែកខាងកើត ដើម្បីតម្រង់ខ្សែទឹក បញ្ចៀសការហូរបុកច្រាំងប៉ែកខាងលិច។ ភ្លាមៗក្រោយពីការបាក់ច្រាំង ក្រុមការងារក្រសួងរ៉ែ និងថាមពល ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកមុខកំពូលដឹកនាំដោយលោក វង្សី វិសុទ្ធ តំណាងក្រសួងសេដ្ឋកិច្ច ក្រុមការងារក្រសួងធនធានទឹក និងអាជ្ញាធរបានចុះពិនិត្យផ្ទាល់ នៅទីតាំងបាក់ច្រាំងនៅតំបន់ឬស្សីជ្រោយ និងបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះ ហើយបានធ្វើការផ្តល់ដំណោះស្រាយជូនប្រជាជនដូចខាងក្រោម៖
*ទី១៖ ផ្អាកបូមបណ្តោះអាសន្ននៅកន្ទុយឡូតិ៍លេខ១សិន ដើម្បីធ្វើការពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីភាពចាំបាច់ នៃការបូមស្តារក្នុងការបញ្ចៀសខ្សែទឹកពីច្រាំងខាងលិច (កន្លែងរងគ្រោះ)។
*ទី២៖ កំណត់ព្រំដែនត្រូវបូមឲ្យបានច្បាស់លាស់ដោយបោះពោងសម្គាល់។
*ទី៣៖ ដាក់មន្រ្តីរ៉ែ២រូបប្រចាំការ២៤ម៉ោង ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីពិនិត្យ និងរាយការណ៍ជាបន្ទាន់។
*ទី៤៖ ក្រសួងធនធានទឹក នឹងចាប់ផ្តើមធ្វើច្រាំងតាមរយៈបាវខ្សាច់ Géotextile ជាបន្ទាន់ចាប់ពីចុងខែធ្នូ ឬដើមខែមករានេះ។
*ទី៥៖ បន្តសិក្សាឲ្យបានច្បាស់លាស់បន្ថែមទៀត អំពីការបង្វែរចរន្តទឹកដែលកំពុងបុកខ្លាំងមកត្រើយខាងលិច និងបន្តបូមស្ដារបាតទន្លេប៉ែកខាងកើតព្រមទាំងពន្យល់ប្រជាពលរដ្ឋអោយបានយល់ច្បាស់ពីលក្ខណៈបច្ចេកទេស និងសារៈសំខាន់នៃការបូមស្ដារនេះ។
ស្ថានភាពទន្លេនៅតំបន់រកាកោងនេះ នឹងឈានដល់ភាពប្រសើរឡើងវិញនៅពេលដែលបាតទន្លេត្រូវបានកែសម្រួល និងច្រាំងត្រើយខាងលិចត្រូវបានរៀបចំទប់ដោយបាវខ្សាច់ Géotextile ដែលការងារនេះត្រូវការពេលមិនតិចជាង ៤ទៅ៥ឆ្នាំឡើយ៕