(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តជឿទុកចិត្ត ចំពោះការដឹកនាំ និងការខិតខំប្រឹងប្រែងរបស់សម្តេចជោ ដែលនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ដើម្បីយើងរួមគ្នាកសាងប្រទេសបន្តទៅទៀត។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមា និងសមិទ្ធផលនានា ក្នុងវត្តព្រៃកន្ទោច នៅភូមិអង្គដូងពីស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ផលនៃសុខសន្តិភាពដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស មានឱកាសត្រឡប់មកស្រុកកំណើតវិញដើម្បីជួយស្រុកកំណើតរបស់ខ្លួន នឹងហើយ គឺជាស្មារតីរួមគ្នា នឹងហើយជាសមិទ្ធផលក្រោមការដឹកនាំរយៈពេលជាង៤០ឆ្នាំនេះ ដែលសម្ដេចតេជោ ហ៊ុន សែន បានប្តេជ្ញាថែរក្សាសុខសន្តិភាពជាបន្តទៀត។
លោកថា «ប្រជាពលរដ្ឋបានបោះឆ្នោតឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ដឹកនាំប្រទេសគ្មានអ្វីក្រៅពីបម្រើប្រជាពលរដ្ឋនោះទេ។ នេះហើយគឺជាអ្វីដែលសម្តេច បានណែនាំជាប់ជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យខិតខំបម្រើប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋបានផ្ដល់ឱកាស តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោដឹកនាំប្រទេស។ ការគាំទ្រនេះគឺជាការផ្ដល់កម្លាំងចិត្តណាស់ក្នុងការបម្រើប្រជាពលរដ្ឋ និងជាទឹកចិត្តរបស់សម្តេចតេជោនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលទាំងអស់»។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ជឿចុះ ការគាំទ្រសម្តេចតេជោឱ្យដឹកនាំប្រទេស គឺមិនខុសទេ គឺលោកមិនដែលសម្រាកទេ គឺតែងតែនៅជាប់ជាមួយនឹងប្រជាពលរដ្ឋ ខិតខំឲ្យវិនិយោគិនមកវិនិយោគ បើករោងចក្រផ្ដល់ឱកាសការងារឲ្យកូនចៅប្រជាពលរដ្ឋ ផ្សព្វផ្សាយ ទាក់ទាញឱ្យអ្នកទេសចរមកលេងស្រុកខ្មែរ លោកខិតខំធ្វើទាំងកិច្ចការក្នុងប្រទេស និងក្រៅប្រទេស គឺលោកធ្វើការដើម្បីប្រជាពលរដ្ឋខ្មែរ និងកូនចៅទៅថ្ងៃអនាគតឲ្យកាន់តែសម្បូរសប្បាយ។ «ប្រជាពលរដ្ឋជាង៨៣% បានទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា អោយសម្ដេចតេជោដឹកនាំប្រទេស គឺជាសារធំណាស់សម្រាប់ប្រាប់ដល់អន្តរជាតិថា ប្រជាពលរដ្ឋខ្មែរចង់បានក្តីសុខ ចង់រស់នៅសុខសប្បាយ ចង់មានជីវភាពធូរធា»។
គោលការណ៍ គោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា គឺធ្វើល្អជាមួយប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានខិតខំជួយប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អ។ ជាក់ស្ដែង បច្ចុប្បន្ននេះសេវាសាធារណៈបានចុះទៅដល់មូលដ្ឋាន។ នេះគឺជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋ។ កន្លែងខ្លះនៅមានការខ្វះខាតយើង ខិតខំកែសម្រួល យើងខិតខំធ្វើ។ អ្វីដែលយើងមានសព្វថ្ងៃនេះគឺយើងកំពុងរស់នៅក្នុងសេចក្តីសុខដោយមិនព្រួយបារម្ភពីសង្រ្គាមទៀតទេ។ នេះហើយគឺជាគោលការណ៍របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច ហ៊ុនសែន។ នេះហើយគឺជាការជ្រើសរើស អ្នកដឹកនាំត្រូវ ហើយយើងរួមគ្នាកសាងប្រទេសសម្រាប់កូនចៅជំនាន់ក្រោយទៀត។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណប្រជាពលរដ្ឋសម្រាប់ការជឿទុកចិត្ត ចំពោះការដឹកនាំរបស់សម្តេចតេជោ ក្នុងការបម្រើប្រជាពលរដ្ឋ៕