(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកផែនការការងារឆ្នាំ២០១៩របស់ខ្លួន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ។
លោក ហុង ជឿន ថ្លែងនៅចំពោះមុខមន្រ្តីទាំងអស់ទាំង នៅក្នុងថ្នាក់កណ្តាល និងមន្ត្រីមជ្ឍមណ្ឌលការងារមកពីបណ្តាខេត្តចំនួន១១ ក្នុងឱកាសបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកផែនការការងារឆ្នាំ២០១៩ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារថា «ស្នាមញញឹមរបស់អ្នកស្វែងរកការងារ និងក្រុមគ្រួសាររបស់ពួកគាត់ បន្ទាប់ពីគាត់ទទួលបានការងារ គឺជាកម្លាំងជំរុញទឹកចិត្តដល់មន្ត្រី (NEA) យើងទាំងអស់គ្នា»។
លោកប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ បានលើកឡើងថា «ការផ្តល់សេវាជួយស្វែងរកការងារជូនប្រជាពលរដ្ឋ ជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែកឱកាសការងារ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនស្មើៗគ្នាប្រកបដោយសមធម៌ និងតម្លាភាព។ ចក្ខុវិស័យរបស់យើង គឺប្រែក្លាយជាទីភ្នាក់ងារ ផ្តល់សេវាការងារប្រកបដោយគុណភាព ឈានមុខគេនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមានបំណងចង់ស្វែងរកការងារ អាចទទួលបានព័ត៌មានការងារក្នុងស្រុក និងទទួលការជួយជ្រោមជ្រែង រហូតពួកគាត់ទទួលបានការងារ និងប្រាក់ចំណូលទៅតាមក្តីប្រាថ្នា»។
បើតាមរបាយការណ៍លទ្ធផលការងារ ដែលបានធ្វើការបូកសរុបក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨នេះ NEA សម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន៖ *អ្នកទទួលបានការងារធ្វើ មានចំនួន ៥,៤៦៤ នាក់,
*ផ្គូរផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើ ទៅឱ្យនិយោជកដែលត្រូវការកម្លាំងពលកម្មមានចំនួន ២២,៨៥៤ នាក់,
*បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើសរុបចំនួន ១៥,៤៨៥នាក់,
*ប្រមូលដំណឹងជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ ចំនួន៨៣,៤៦៦កន្លែង,
និងផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈទូរស័ព្ទ ទៅអ្នកស្វែងរកការងារធ្វើ ចំនួន ៣៥,២៩៥នាក់។
លទ្ធផលដែលទទួលបានខាងលើនេះ ជាការផ្តល់អនុសាសន៍ និងការចង្អុលបង្ហាញពីលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល ព្រមទាំង លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលជានិច្ចកាល លោកតែងតែផ្តល់នូវការណែនំា ដល់ថ្នាក់ដឹកនាំ និងមន្ត្រីNEA ឲ្យខិតខំផ្តល់សេវាការងារ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
ដើម្បីផ្តល់សេវាការងារជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតំរូវការរបស់អ្នកប្រើប្រាស់សេវាការងារ NEA តែងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញទន់ និងភាពជាអ្នកដឹកនាំដល់មន្ត្រីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋឆាប់ទទួលបានការងារធ្វើ។
គួរបញ្ជាក់ថា ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេ នៅកម្ពុជា។ ទីភ្នាក់ងារនេះ ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេស ក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាល នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារ ដោយឥតគិតកម្រៃ ជូនដល់សាធារណៈជនទូទៅតាមរយៈគេហទំព័រ www.nea.gov.kh និងមជ្ឈមណ្ឌលការងារ ដែលជាអ្នកផ្តល់សេវាជួរមុខ នៅតាមរាជធានី-ខេត្ត ចំនួន១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ ។
សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ និងទំព័រ facebookneakhmer ៕