(កោះកុង)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី លើកទី៣» បានបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីលានវាយកូនគោលតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ដោយមានកីឡាករជាតិ-អន្តរជាតិចូលរួមចំនួន ៦២នាក់។
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធវាយកូលគោលកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ សហព័ន្ធបានរៀបចំឡើងក្នុងគោលដៅ ចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ និងបង្កើននូវស្មារតីមិត្តភាព សាមគ្គីភាព និងភាតរភាព ព្រមទាំងចូលរួមចលនាផ្សព្វផ្សាយ អំពីកីឡាទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅកម្ពុជា។
លោក ជា បូរ៉ា បានបន្តថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូលគោលនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបនៅខេត្តកោះកុងទៅកាន់ពិភពលោក តាមរយៈទេសចរណ៍កីឡាវាយកូនគោល។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ព្រឹត្តិការណ៍ខាងលើនេះ បានឆ្លុះបញ្ចាំងអំពីគោលបំណងក្នុងការបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន ព្រមទាំង ប្រែក្លាយកម្ពុជាឲ្យទៅជាទឹកដីដ៏ពិសិដ្ឋ មានការអភិវឌ្ឍដ៏រស់រវើកប្រកបដោយសុខសន្តិភាព និងវិបុលភាពជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជនដែលរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនា រួបរួមសាមគ្គីជាធ្លុងមួយ មានជីវភាពកាន់តែប្រសើរ និងប្រែក្លាយកម្ពុជាឲ្យក្លាយទៅជាតំបន់គោលដៅទេសចរណ៍មួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ ក៏ដើម្បីចូលរួមបំផុសការអភិវឌ្ឍវិស័យកីឡាវាយកូនគោលនៅកម្ពុជា ពិសេសផ្សព្វផ្សាយទៅដល់កីឡាករជំនាន់ ឱ្យចាប់អារម្មណ៍នឹងវិស័យកីឡាវាយកូលគោលនៅកម្ពុជាផងដែរ។
ជាលទ្ធផល ជ័យលាភីលេខ១ បានទៅលើក្រុមរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត, ជ័យលាភីលេខ២ បានទៅលើក្រុមរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងលោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ជ័យលាភីលេខ៣ បានទៅលើលោក កែប ជុតិមា និងនាយឧត្តមសេនីយ៍ វៀត ថា៕