(ភ្នំពេញ)៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ខួរក្បាលកុមារ (CCMA) និង ប្រាយថាមគ្រុប (សាលាអន្តរជាតិប្រាយថាម សាលាអន្តរជាតិអេផលអាមេរិកកាំង និងសាលាអន្តរជាតិវីខេន) បានចាប់ដៃគូសហការគ្នាយ៉ាងជិតស្និទ តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈ បើកពង្រឹងកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ ឲ្យមានការចងចាំខ្ពស់តាមរយៈការសិក្សាលើកម្មវិធីគិតលេខរហស័ CCMA ដើម្បីមានសមត្ថភាពឈានទៅប្រកួតប្រជែងជាមួយកុមារអន្តរជាតិ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងគ្រឹះស្ថានសិក្សាធំៗចំនួន៣នៅកម្ពុជានាពេលនេះ បានធ្វើឡើង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នាសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ម៉ាត់ រ៉ាវី អគ្គនាយកកម្មវិធីមជ្ឈមណ្ឌលអភិវឌ្ឍន៍ខួរក្បាលកុមារ (CCMA) ប្រចាំរាជធានីភ្នំពេញ លោក លឹម សុភា អគ្គនាយកប្រតិបត្តិនៃអង្គការពុទ្ធិកុមារកម្ពុជា លោក គៀប មករា អគ្គនាយកនៃសាលាអន្តរជាតិអេផលអាមេរិកកាំង និងលោកគ្រូ អ្នកគ្រូជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក ម៉ាត់ រ៉ាវី អគ្គនាយកកម្មវិធីមជ្ឈមណ្ឌលអភិវឌ្ឍន៍ខួរក្បាលកុមារ (CCMA) ប្រចាំរាជធានីភ្នំពេញ បានលើកឡើងថា ការចុះ MoU នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃកម្មវិធីសិក្សាឲ្យទូលំទូលាយ ទៅគ្រប់ស្ថាប័ន វណ្ណៈទាំងអស់ ហើយការសហការនាពេលនេះ មិនបានផ្តោតត្រឹមតែទៅសាលា ដែលធំ ឬមានតម្លៃថ្លៃឡើយ គឺព្យាយាមផ្តោតលើសាលាដែលមានកំរិតតំលៃមធ្យម និងថ្នាក់ទាបតែផងដែរ។
លោក ម៉ាត់ រ៉ាវី បានអះអាងថា គ្រឹះស្ថានសិក្សាខាងលើ នឹងធានាថាគុណភាពដែលយើងផ្តល់នាពេលនេះ នៅតែល្អ មិនចាញ់នឹងសាលាដែលមានតម្លៃថ្លៃ ចង់ឲ្យសិស្ស ដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជា បាដឹងបានលឺ និងបានចេះគ្រប់ៗគ្នា ហើយយើងក៏បានព្យាយាមស្វែងរកនូវអ្វីដែលល្អៗ ដែលអាចជួយដល់កុមារកម្ពុជាឲ្យមានភាពរីកចម្រើន ឲ្យមានគុណភាពនៃការសិក្សា និងចំណេះដឹងរបស់ពួកគាត់អាចចូលរួមប្រកួតប្រជែង ជាមួយកុមារអន្តរជាតិបាន។
អគ្គនាយកកម្មវិធីមជ្ឈមណ្ឌលអភិវឌ្ឍន៍ខួរក្បាលកុមាររូបនេះ បានបន្ថែមថា កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ បើយើងមើលមិនគ្រប់ជ្រុងជ្រោយទេ យើងគិតថា វាគ្រាន់តែជាកម្មវិធីគណនាលេខទេ តែធាតុពិតគឺយើងផ្តោតទៅលើ ការពង្រឹក និងពង្រីក វិសាលភាពនៃការចងចាំរបស់កុមារ ឲ្យមានការចង់ចាំខ្ពស់ និងមានទំនុកចិត្តខ្ពស់នៅពេលប្រឡង ដោយមិនចាំបាច់ព្យាយាមរកអ្វីជាជំនួយឡើយ។
ជាមួយគ្នានោះ លោក លឹម សុភា អគ្គនាយកប្រតិបត្តិនៃអង្គការពុទ្ធិកុមារកម្ពុជា បានឲ្យដឹងថា សំលឹងឃើញទីផ្សារក្នុងវិស័យអប់រំ មានការលូតលាស់ខ្លាំងជាពិសេស ការគិតលេខរហ័ស និងការគណនា ដោយមិនចាំបាច់ប្រើម៉ាស៊ីនគិតលេខ ធ្វើឲ្យយើងផ្តោតលើការយកចិត្តទុកដាក់លើចំណុចនេះ ហើយយើងចង់បានកម្មវិធីនេះ ដើម្បីយកមកដាក់សិក្សាឲ្យមានការវិវត្តបន្ថែម ទៅលើកម្មវិធីសិក្សា ដែលមានស្រេច។
លោក លឹម សុភា បានបន្តថា ដើម្បីឲ្យកុមាររីកលូតលាស់ផ្នែកខួរក្បាលឲ្យបានល្អ ដើម្បីអាចប្រកួតប្រជែងជាមួយទីផ្សារពិភពលោក ការគិតលេខមានការចាប់អារម្មណ៍ខ្លាំង ដូចនេះហើយទើបខាងសាលាបានគិតគូរពីរឿងនេះ ហើយចាប់ផ្តើមពង្រឹងថែមទៀត លើកម្មវិធីសិក្សា អភិវឌ្ឍន៍ខួរក្បាលកុមារ តាមរយៈការគិតលេខនាពេលនេះ។
បន្ថែមពីលើនេះ លោក គៀប មករា អគ្គនាយកនៃសាលាអន្តរជាតិអេផលអាមេរិកកាំង បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង សាលាអន្តរជាតិអេផលអាមេរិកកាំង និងសាលាអន្តរជាតិវីខេន និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ខួរក្បាលកុមារ (CCMA) ធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍កុមារនៅកម្ពុជា ឲ្យមានសមត្ថភាពប្រកួតប្រជែងជាមួយកុមារដទៃនៅលើពិភពលោក។
លោក គៀប មករា បានបន្ថែមថា ដោយផ្តោតលើកត្តាសំខាន់ៗនេះហើយបានជា ជ្រើសរើសយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ខួរក្បាលកុមារ ធ្វើជាដៃគូ ហើយក៏សង្ឃឹមថា យើងនឹងចាប់ដៃគូ បន្តដំណើរបេសកកម្មដ៏វែងឆ្ងាយ និងមានសារៈសំខាន់ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ និងកុមារនៅកម្ពុជា គ្រប់ៗជំនាន់ ជាពិសេសសាលារបស់ពួកយើង បានផ្តល់ឱកាសឲ្យកុមារនៅកម្ពុជា មានឱកាសទៅប្រឡងប្រជែងលក្ខណៈជាតិ និងអន្តរជាតិ នៅក្នុង និងក្រៅប្រទេស តាមរយៈសាលាអន្តរជាតិប្រាយថាម សាលាអន្តរជាតិអេផលអាមេរិកកាំង និងសាលាអន្តរជាតិវីខេន និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ខួរក្បាលកុមារ (CCMA)។
ថ្លែងនៅក្នុងពិធីចុះ MoU នាថ្ងៃដដែលនោះ លោក ម៉ាត់ រ៉ាវី ក៏បានស្នើសុំឲ្យអាណាព្យាបាលទាំងអស់ មេត្តាចូលរួម ជំរុញកូនឲ្យចូលសិក្សាឲ្យបានច្រើន មិនថាជាជំនាញណាមួយនោះទេ ឲ្យចេះឲ្យប្រាកដ ហើយបើមានលទ្ធភាពមធ្យម និងទាប អាចចូលរួមសិក្សាបាន ទៅលើគុណភាពនៃការងាររបស់ពួកគាត់នាពេលអនាគត ទទួលបានលទ្ធផលល្អ និងអាចប្រកួតប្រជែងជាមួយប្រទេសដទៃទៀត៕