(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះប្រចាំការនៅផ្សារចំនួន៦កន្លែង រួមមាន ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង បានសហការជាមួយមន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេត និងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាពមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។
ក្នុងប្រតិបត្តិនោះមន្ត្រីកាំកុងត្រូល បានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិនិត្យទំនិញ ម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ។ល។ ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំអំពីសុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ហើយជាលទ្ធផលពុំឃើញ មានសារធាតុគីមីហាមឃាត់ទេ។
មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផល ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជ ត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
បន្ថែមពីនេះ ក្រុមការងារក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាមួយគ្នានោះមន្ត្រីកាំកុងត្រូល ដែលប្រចាំការគោលដៅផ្សារនីមួយៗ ក៏បានអំពាវនាវដល់អាជីវករផ្សារ ក៏ដូចតាមហាងលក់ទំនិញទាំងអស់ អាចយកទំនិញរបស់ខ្លួន ដែលសង្ស័យថា មានសារធាតុគីមី មកពិនិត្យដល់ទីតាំងគោលដៅ បានគ្រប់ពេលម៉ោងប្រចាំការ។
គួរបញ្ជាក់ថា សកម្មភាពទាំងនេះអនុវត្តន៍ទៅតាមការណែនាំរបស់ លោកប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ៕