(ព្រះសីហនុ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់វិនិយោគិនក្នុងស្រុក គិតគូរវិនិយោគដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ធានាបានគុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើក្នុងស្រុក។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អមដំណើរជាមួយសហការី អញ្ជើញចុះមកពិនិត្យកសិដ្ឋានបន្លែសរីរាង្គ របស់លោក អេង សុធារ៉ា នៅឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។
បច្ចុប្បន្ន កសិដ្ឋានរបស់លោក អេង សុធារ៉ា បាននិងកំពុងដាំបន្លែ និងផ្លែឈើចំរុះច្រើនប្រភេទ ដោយផលិតក្នុងកសិដ្ឋានផ្ទាល់ និងមួយចំនួនទៀត ត្រូវបានសហការផលិតជាមួយកសិករក្នុងតំបន់នេះ តាមរយៈការធ្វើកសិកម្ម តាមកិច្ចសន្យា ដោយធ្វើការជ្រើសរើសកសិករ ដែលទទួលបានការបណ្តុះបណ្តាល ពីអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ឬមកទទួលការបណ្តុះបណ្តាល នៅកសិដ្ឋាននេះផ្ទាល់តែម្តង។
កសិដ្ឋាននេះ បានធ្វើការដាំដុះលើផ្ទៃដីជាង ៤០ហិកតា ហើយជាមធ្យមកសិដ្ឋាន មានលទ្ធភាពផ្គត់ផ្គង់បន្លែឲ្យទីផ្សារ នៅភ្នំពេញ ប្រមាណ១-២តោន ក្នុង១ថ្ងៃ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ ចំពោះម្ចាស់កសិដ្ឋាន បុគ្គលិក កម្មករគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដាំដុះបន្លែ ផ្លែឈើសរីរាង្គ ដើម្បីចូលរួមចំណែកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ធានាបានទាំងបរិមាណ និងគុណភាព និងឈានទៅកាត់បន្ថយ ការនាំចូលជាបណ្តើរៗ នាពេលអនាគត។
លោករដ្ឋមន្ត្រី វេង សាខុន បានស្នើឲ្យម្ចាស់កសិដ្ឋាន ក៏ដូចជាក្រុមហ៊ុមផលិតបន្លែនានា សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះមកវាយតម្លៃលើស្តង់ដារ អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ រួចពិនិត្យ និងផ្តល់វិញ្ញាបនប័ត្រ បញ្ជាក់ពីផលិតផលសរីរាង្គច្បាស់លាស់ចៀសវាងការកេងបន្លំ ឬក្លែងក្លាយ ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ។
បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានបន្លែសរីរាង្គរួចមក លោករដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ និងជ្រូករបស់កសិករកៅ ប៊ុនទី នៅភូមិទឹកប៉ោង ឃុំបឹងទ្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ដោយបច្ចុប្បន្ន កសិដ្ឋាននេះ ចិញ្ចឹមគោសាច់ចំនួន ៨០ក្បាល និងបានសហការជាមួយក្រុមហ៊ុមស៊ីភីកម្ពុជា ចិញ្ចឹមជ្រូកសាច់ចំនួន ៥៦០ក្បាលទៀត លើផ្ទៃដីជាង ៣០ហិកតា។
លោករដ្ឋមន្ត្រី វេង សាខុន បានចូលរួមសាទរគាំទ្រ និងលើកទឹកចិត្ត ឲ្យកសិកររូបនេះ និងជាពិសេសកសិករទូទាំងប្រទេស ដែលប្រកាន់យករបរចិញ្ចឹមសត្វ ឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀតទាំងការងារបច្ចេកទេស ការបង្កើនគុណភាពចិញ្ចឹម ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ចុះមកជួយផ្សព្វផ្សាយការងារបច្ចេកទេស បង្កាត់ពូជ និងផ្សព្វផ្សាយច្បាប់ ដើម្បីជាប្រយោជន៍ក្នុងការ ជួយង្កើនប្រសិទ្ធភាពផលិតកម្មចិញ្ចឹមសត្វ និងការអនុវត្តច្បាប់នានាដែលពាក់ព័ន្ធ៕