(កោះកុង)៖ កម្ពុជាអាចទទួលបានចំណូលប្រមាណជា ២២ពាន់លានដុល្លារអាមេរិកពីការជីករ៉ែទីតាញ៉ូម នៅរមណីយដ្ឋានជីផាត ក្នុងស្រុកជីផាត ខេត្តកោះកុង ដើម្បីការពារនូវបរិស្ថាន។ ចំណុចនេះផ្ទុយពីប្រទេសបារាំង ដែលសុខចិត្តបោះបង់ចោលបញ្ហាបរិស្ថាន ហើយជីកយករ៉ែទីតាញ៉ូមជំនួសវិញ។
ជាថ្មីម្តងទៀតក្នុងជំនួបពិភាក្សាការងារជាមួយលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងខេត្តកោះកុង ទីដែលប្រារព្ធពិធីបុណ្យសមុទ្រលើកទី៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យមានការជីករ៉ែទីតាញ៉ូមនៅរមណីយដ្ឋានជីផាត ក្នុងស្រុកជីផាត ខេត្តកោះកុងនោះឡើយ បើទោះបីការជីករ៉ែនេះអាចឲ្យកម្ពុជាទទួលបានចំណូលរហូតដល់ ២២ពាន់លានដុល្លារអាមេរិកក៏ដោយនោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណូលពីការជីករ៉ែទីតាញ៉ូមនេះ អាចធ្វើឲ្យកម្ពុជាអភិវឌ្ឍន៍ប្រទេសដោយមិនបានខ្ចីថវិកាពីបរទេសនោះឡើយ ប៉ុន្តែសម្តេចមិនអនុញ្ញាតនោះឡើយព្រោះវាធ្វើហិនហោចព្រៃឈើតំបន់នោះ ហើយអាចធ្វើឲ្យប៉ះពាល់ដល់ទឹកសមុទ្រថែមទៀតផង។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍សម្តេចតេជោមកប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា «សម្តេចបានមានប្រសាសន៍ថា នៅជីផាតនេះ គោលនយោបាយរបស់យើងច្បាស់លាស់ ហើយដាច់ខាត គឺមិនឲ្យជីករ៉ែទីតាញ៉ូមនេះទេ ព្រោះត្រូវបំផ្លាញព្រៃអស់ពីរម៉ឺនហិកតា ហើយពេលយករ៉ែទៅ គឺទឹកភ្លៀងមកដីក្រហមវាហូរចូលសមុទ្រធ្វើឲ្យទឹកសមុទ្រពណ៌ខៀវស្រងាត់ទៅជាពណ៌ក្រហម។ គោលនយោបាយរបស់សម្តេច គឺដាច់ខាតមិនចង់បានលុយហ្នឹងទេ គឺថែរក្សាបរិស្ថាន»។
ការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យ លោក ប្រ៊ូយណូ បូដាដ ជាជនជាតិបារាំង បានស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ឆន្ទៈនេះ។ លោក ប្រ៊ូយណូ បូដាដ បានលើកឡើងថា ឆន្ទៈរបស់សម្តេចតេជោ គឺផ្ទុយពីរដ្ឋាភិបាលប្រទេសបារាំងរបស់លោក ដែលសុខចិត្តជីកយករ៉ែទីតាញ៉ូម ដោយមិនខ្វល់ពីការប៉ះពាល់ដល់បរិស្ថាននោះឡើយ៕