(ភ្នំពេញ)៖ រយៈពេល០២សប្តាហ៍ ចាប់ពីដើមខែធ្នូមក អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន ជាច្រើនមិនតិចជាង១៦លើក ឃាត់ខ្លួនជនសង្ស័យបាន៧៦នាក់ រួមនិងក្រាមពណ៌សថ្លា២០៥កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរបស់មូលដ្ឋានខណ្ឌទាំង១២ ចំណុះក្នុងបញ្ជាការដ្ឋានរាជធានីភ្នំពេញ។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលជនសង្ស័យប្រុសស្រី២៤នាក់ និងក្រាមពណ៌សថ្លា១២កញ្ចប់ (ប្រភេទម៉ាទឹកកក) បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ដែលពួកគេទាំងនោះ ត្រូវបានកម្លាំងមូលដ្ឋានខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ សហការជាមួយការិយាល័យជំនាញស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៨។
តែរំលងមិនទាន់បាន០២ថ្ងៃ ស្រួលបួលផង គឺកាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២៤នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជភ្នំពេញ បានបញ្ជូនជនសង្ស័យ២២នាក់ និងថ្នាំក្រាមពណ៌សថ្លា៩៤កញ្ចប់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ពួកគេទាំង ២២នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌព្រែកព្នៅ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ក្រោមវិធានការជំនាញ នៃការសួរចម្លើយរបស់សមត្ថកិច្ចជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង២៤នាក់ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ករណីគ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនទាំងអស់ក៏ជារបស់ពួកគេផងដែរ ទើបសមត្ថកិច្ចអាវុធហត្ថ បានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕