(កោះកុង)៖ ដោយមានការគាំទ្រពីក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកនោះ កម្ពុជាគ្រោងរៀបចំឲ្យមានការប្រណាំងកង់កម្រិតអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ។
គម្រោងបង្កើតព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភពលោក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងខេត្តកោះកុង ទីដែលប្រារព្ធពិធីបុណ្យសមុទ្រលើកទី៧។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកអគ្គនាយក បានជជែកគ្នាច្រើនទៅលើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ ជាពិសេសធ្វើយ៉ាងណាឲ្យឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាបន្តរក្សាបាននូវភាពស្រស់ស្អាតជាមួយបរិស្ថានល្អ។
ក្នងជំនួបនេះលោក ប្រ៊ូយណូ បូដាដ ដែលជាអ្នកបានជួយជ្រោមជ្រែងឲ្យកម្ពុជាបានដាក់ឆ្នេរនៅក្នុងខេត្តកោះកុង ព្រះសីហនុ កំពត និងកែបចូលទៅក្នុងក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកនោះ បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតនៃឆ្នេរសមុទ្ររបស់ខ្មែរ។ ជាពិសេសលោកបានសរសើរខេត្តកោះកុង ដែលមានទាំងទាក់ថ្លាក់ ព្រកោងកាង និងឆ្នេរសមុទ្រស្អាត ជាចំណុចទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរណ៍។
ក្រៅពីការពិភាក្សាលើបញ្ហាអភរិក្ស និងការថែរក្សាបរិស្ថាននៅតំបន់ឆ្នេរហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រ៊ូយណូ បូដាដ ក៏បានជជែកលើគម្រោងមួយចំនួនដើម្បីផ្សព្វផ្សាយតំបន់ឆ្នេររបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
បើតាមលោក ស្រ៊ី ថាមរ៉ុង្គ គម្រោងដែលសម្តេចតេជោ ហ៊ុន សែន និងលោក ប្រ៊ូយណូ បូដាដ គ្រោងបង្កើតឡើងដើម្បីផ្សព្វផ្សាយពីសក្តានុពលតំបន់ឆ្នេររបស់កម្ពុជានោះ មានដូចជាការបង្កើតព្រឹត្តិការណ៍ប្រណាំងកង់អាជីពកម្រិតអន្តរជាតិ និងការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភលោកនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅតំបន់អភិវឌ្ឍន៍ទេសចរណ៍ «តារាសាគរ» ដែលស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុងនេះតែម្តង។ សម្តេចតេជោ រំពឹងថា ការរៀបចំព្រឹត្តិការណ៍មហាសន្និបាតនេះ នឹងធ្វើឲ្យមានការទាក់ទាញ និងចាប់អារម្មណ៍កាន់តែខ្ពស់ថែមទៀតសម្រាប់វិស័យទេសចរណ៍មកកាន់កម្ពុជា។
សម្រាប់ព្រឹត្តិការណ៍ប្រណាំងកង់អាជីពកម្រិតអន្តរជាតិ បើតាមលោក ប្រ៊ូណូ បូដាដ គឺចង់ឲ្យការជិះប្រណាំងពីតំបន់អភិវឌ្ឍន៍ «តារាសាគរ» ឆ្ពោះទៅកាន់ភ្នំបូកគោក ហើយជិះចុះពីភ្នំបូកគោឆ្ពោះកាន់ខេត្តកែប កំពត និងព្រះសីហនុ។ ព្រឹត្តិការណ៍នេះ នឹងប្រមូលអ្នកជិះកង់អាជីពមកពីបណ្តាប្រទេសក្នុងតំបាន់អាស៊ី អាស៊ាន និងប្រទេសនៅតំបន់អឺរ៉ុបជាដើម។
សម្តេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះគម្រោងមួយនេះ ហើយសម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យក្លឹបឆ្នេរសមុទ្រស្អាតលើពិភពលោក ពិភាក្សាជាមួយក្រសួងទេសចរណ៍ ដើម្បីជ្រើសពេលវេលាដ៏សមរម្យណាមួយដូចជាពេលធ្វើបុណ្យសមុទ្រ ឬក៏ជ្រើសរើសនៅពេលណាដែលមានភ្ញៀវមកលេងកម្សាន្តនៅកម្ពុជាច្រើន។
តាមរយៈព្រឹត្តិការណ៍ប្រណាំងកង់អាជីពអន្តរជាតិនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាកាន់តែខ្លាំងបន្ថែមទៀតទៅកាន់ពិភពលោក ហើយក៏ជារួមចំណែកទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្នុងជំនួបជាមួយអគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីស្ថានភាពដ៏លំបាកនៅក្នុងខេត្តកោះកុងពីអតីតកាលផងដែរ។ ដូចជាការគ្មានផ្លូវសម្រាប់ធ្វើដំណើរ និងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងខ្មែរក្រហមជាដើម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់អគ្គនាយកក្លឹបថា បើគ្មាននយោបាយឈ្នះឈ្នះបិទបញ្ចប់ភ្លើងសង្គ្រាមកាលពី២០ឆ្នាំមុនទេ កោះកុងមិនអាចមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននោះឡើយ។
នៅឆ្នាំនេះជាឆ្នាំទី២០ នៃការបង្កើតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ហើយបាវចនារបស់ក្លឹបនេះក៏មានប្រើពាក្យ «ឈ្នះឈ្នះ» ដូចនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ក្នុងការបង្រួបបង្រួមជាតិផងដែរ។ លោក ប្រ៊ូណូ បូដាដ បានសម្តែងការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវនយោបាយបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ៕