(បាត់ដំបង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទទួលបន្ទុកខេត្តបាត់ដំបង បន្ទាយមានជ័យ និងព្រៃវែង បានប្រកាសឲ្យរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង។
ការប្រកាសរបស់លោក ស សុខា បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ស្តីពីលទ្ធផលមហាសន្និបាតលើកទី៤ ទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តបាត់ដំបង ។
ពិធីផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង មន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងថ្នាក់ដឹកនាំស.ស.យ.ក ខេត្ត ក្រុង ស្រុក សមាជិក សមាជិកា ក្នុងខេត្តចូលរួមជាច្រើននាក់ទៀត។
លោក ស សុខា បានសំណេះសំណាលជាមួយសមាជិកទាំងអស់ នៅក្នុងអង្គពិធីបើកផ្សព្វផ្សាយ មហាសន្និបាតថា ក្នុងនាមថ្នាក់ដឹកនាំ ស.ស.យ.ក លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា យុវជនទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ បានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនេះ និងបានខិតខំធ្វើការ និងធ្វើសកម្មភាពការងារសង្គម ជាច្រើនកន្លងមក។ លោកបានស្នើ សូមឲ្យសមាជិកទាំងអស់ បន្តធ្វើកិច្ចការងារ ឲ្យបានល្អជាបន្តបន្ទាប់ទៀត។
លោក ស សុខា បានប្រាប់ឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជំរុញ និងលើកទឹកចិត្ត និងផ្តល់ឱកាសឲ្យយុវជន ក្នុងការចូលរួមសកម្មភាពសង្គម, ការបោះជុំរំរបស់ ស.ស.យ.ក ទាំងបីខេត្ត នៅបូកគោ នាខែមករា និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះព្យាបាលជំងឺ នៅខេត្តបាត់ដំបង នៅសប្តាហ៍ទី២ ក្នុងខែមករា។
ជាមួយគ្នានេះ លោកបានប្រកាសឲ្យខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំ២០១៩ ផងដែរ។
កញ្ញា រស់ ពៅធីតា អនុប្រធានស ស.យ.កខេត្ត បានឡើងអានទាំងស្រុង នៃផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៨-២០២៣ របស់ ស.ស.យ.ក និងអំណានសេចក្តីសម្រេចចិត្ត មហាសន្និបាតលើកទី៤ ដោយលោក ស៊ឹម ចាន់ណាក់ អនុប្រធានស.ស.យ.កខេត្ត។
លោក ស រដ្ឋា បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្តបាត់ដំបង តែងបានចូលរួមធ្វើសកម្មភាព ការងារសង្គមទូទៅ ដើម្បីប្រយោជន៍សាធារណៈ ក្នុងខេត្តបាត់ដំបងទាំងមូល បានដោយរលូន ក៏អាស្រ័យមានសមាជិក បានចូលរួមយ៉ាងសកម្មកន្លងមក ហើយក៏មានថ្នាក់ដឹកនាំ ស ស.យ.ក ដែលមានលោក ហ៊ុន ម៉ានី ជាប្រមុខដឹកនាំ ចង្អុលបង្ហាញ ទិសដៅផែនការអនុវត្តការងារផងដែរ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមប្រជុំផ្សព្វផ្សាយ និងបានខិតខំធ្វើសកម្មភាពការងារសង្គម ជូនប្រជាពលរដ្ឋ ទាំងពេលវេលា និងកម្លាំងកាយចិត្តកន្លងមក៕