(បាងកក)៖ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យ នៃសន្និសីទអន្តរជាតិ ស្តីអំពីសាមគ្គីភាពឥស្លាម ពីថ្ងៃទី១១-១៣ ខែធ្នូ ២០១៨ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបន្តដំណើរបេសកកម្មទៅកាន់ប្រទេសថៃ ដើម្បីដឹកនាំគណៈប្រតិភូនៃក្រុមការងារឯកទេសហាឡាលកម្ពុជា និងថ្នាក់ដឹកនាំបណ្តាក្រសួងពាក់ព័ន្ធមួយចំនួន ទៅចូលរួមសន្និបាតហាឡាលប្រទេសថៃ លើកទី៥ ឆ្នាំ២០១៨ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
សន្និបាតនេះ ត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតាំងពិព័រណ៍អន្តរជាតិបាងកក ក្រោមប្រធានបទ «ភាពជាក់លាក់ នៃហាឡាលនីយកម្ម ក្នុងយុគសម័យជីវៈសេដ្ឋកិច្ច» ក្រោមការរផបចំរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល នៃសាកលវិទ្យាល័យជុឡាឡុងកន សហការជាមួយក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ និងវិទ្យាស្ថានស្តង់ដារហាឡាលថៃ។
សន្និបាតហាឡាលប្រទេសថៃ ឆ្នាំ២០១៨ មានព្រឹត្តិការណ៍សំខាន់ៗចំនួន២ រួមមាន៖ សន្និសីទអន្តរជាតិលើកទី១១ ស្តីពីវិទ្យាស្ត្រហាឡាល ឧស្សាហកម្ម និងធុរកិច្ចអន្តរជាតិ (11th HASIB 2018) និងការតាំងពិព័រណ៌ហាឡាលអន្តរជាតិប្រទេសថៃឆ្នាំ២០១៨ (TIHEX)។
ព្រឹត្តិការណ៍ទាំងពីរ រួមបញ្ចូលកិច្ចប្រជុំសហគ្រិនអន្តរជាតិ និងថៃ សន្និសីទអន្តរជាតិស្តីពី ការទទួលស្គាល់ហាឡាលពីស្ថាប័នហាឡាលពិភពលោក សាកលភាវូនីយកម្មធុរកិច្ច ការតាំងពិព័រណ៌ពាក់ព័ន្ធ និងបទបង្ហាញស្តីពីវិទ្យាសាស្ត្រហាឡាល៕