គយកម្ពុជា និងស្ថានទូតអាមេរិក បង្ក្រាបការនាំចូលភ្លុកដំរីជាង៣តោន នៅកំពង់ផែស្វយ័តភ្នំពេញ
15-12-2018 12:11
(ភ្នំពេញ)៖ ភ្លុកដំរីចំនួន១,០២៦ដុំ និងមានទម្ងន់សរុបជាង៣តោន ត្រូវបានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ សហការជាមួយស្ថានទូតអាមេរិក រកឃើញនៅកំពង់ផែស្វយ័តភ្នំពេញ ដែលឈ្មួញបានលាក់ទុកតាំងពីខែកក្កដា នៅក្នុងទូកុងតឺន័រ (Container)។ នេះបើតាមការឲ្យដឹងពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។
លោក ស៊ុន ឆាយ បានបញ្ជាក់ទៀតថា ភ្លុកដំរីទាំង១,០២៦ដុំនេះ ត្រូវបានឈ្មួញនាំចេញពីកំពង់ផែមួយកន្លែង ឈ្មោះ «ម៉ាឡាកា» នៅប្រទេសមូសំប៊ិច យកមកដាក់នៅកំពង់ផែស្វយ័តភ្នំពេញ តាំងពីខែកក្កដា ឆ្នាំ២០១៨។ លោកបន្ដថា ការចុះពិនិត្យនេះ ដោយទទួលបានព័ត៌មានពីស្ថានទូតអាមេរិក តែមិនដឹងថា ក្រុមឈ្មួញគ្រោងនាំចេញទៅកាន់ប្រទេសណានោះទេ។
បច្ចុប្បន្ន ភ្លុកដំរីទាំងអស់នេះ ត្រូវបានរក្សាទុកជាបណ្ដុះអាសន្ន នៅកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចាត់ការបន្តទៀត ក្រោយសុំគោលការណ៍ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកគយ និងរដ្ឋាករ លោក គុណ ញឹម៕