(កោះកុង)៖ របាយការណ៍របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធានគណៈកម្មការការពារ បានឲ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យសមុទ្រ សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ក្នុងនោះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមកម្សាន្ដសប្បាយលើក្រោម ប្រមាណ៦ម៉ឺននាក់។
របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ស្ថិតិចំនួនភ្ញៀវទេសចរ និងសន្ដិសុខសណ្ដាប់ធ្នាប់នេះ គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១៤ ដល់ថ្ងៃម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ខណៈគ្រប់គោលដៅទាំងអស់ ត្រូវបានសមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំសណ្ដាប់ធ្នាប់ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានឲ្យដឹងថា សម្រាប់ការងារអន្ដរាគមន៍ និងជួយសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ចំនួន១៨៤នាក់ និងបានចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណផងដែរ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅល្ងាចថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកផ្លូវការនៃពិធីបុណ្យសមុទ្រឆ្នាំនេះ៕