(ភ្នំពេញ)៖ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (TCMC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មានកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចធី (ម៉ាឡេស៉ី) និងជាអ្នកចែកចាយផ្ដាច់មុខ និងទាំងស្រុងនូវរថយន្ត Nissan នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បានសម្ពោធលក់ជាផ្លូវការ នូវរថយន្តថ្មីសន្លាងម៉ាក NISSAN TERRA (សេរ៊ី២០១៩) នៅរាជធានីភ្នំពេញ។
លោក Dato’ Than Tai Hing អគ្គនាយក ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ប្រចាំប្រទេសឡាវ និងកម្ពុជា បានថ្លែងថា ការរចនារថយន្តថ្មីសន្លាងម៉ាក NISSAN TERRA នេះ គឺបានគិតគូរ លើតម្រូវការបើកបររបស់អតិថិជន ក្នុងតំបន់អាស៉ីទាំងមូល។ ដោយសារតែនាពេលបច្ចុប្បន្ន អតិថិជន រំពឹងទុកកាន់តែខ្ពស់ខ្លាំងឡើង ទើបក្រុមហ៊ុន Nissan ត្រូវបង្កើតរថយន្តមួយ ដែលអាចជាផ្នែកចាំបាច់ សម្រាប់ជីវិតរស់នៅរបស់អតិថិជន។
លោក Dato’ Than បានបន្ថែមទៀតថា ការរចនារបស់ Nissan TERRA ដែលបាននាំចូលសុទ្ធសាធ ពីប្រទេសថៃ គឺមានសមត្ថភាពខ្ពស់ អាចបើកបរបានគ្រប់កាលៈទេសៈ និងគួរជាទីទុកចិត្ត សម្រាប់ការបើកបររៀងរាល់ថ្ងៃ ហើយអតិថិជន ក៏អាចផ្លាស់ប្ដូរពីការបើកបរ ក្នុងជីវិតរស់នៅប្រចាំថ្ងៃធម្មតា ទៅជាការបើកបរសម្រាប់ជីវិត ដំណើរកម្សាន្តបានទៀតផង។ តាមរយៈលក្ខណៈពិសេសនេះ Nissan TERRA នឹងក្លាយជាម៉ូតរថយន្ត ពេញនិយមបំផុតនៅក្នុងប្រទេសនេះ ដោយសារតែសមត្ថភាព អាចបើកបរទៅកាន់គ្រប់ទីកន្លែងទាំងអស់ ប្រកបដោយភាពងាយស្រួល។
តាមរយៈការបន្ថែមម៉ូដែលថ្មីៗ ជាបន្តបន្ទាប់ក្រៅពី NISSAN TERRA នេះ ក្រុមហ៊ុន Nissan បានបំពេញតាមតម្រូវការ ដែលកំពុងកើនឡើងរបស់ប្រជាជន ក្នុងតំបន់អាស៉ីអាគ្នេយ៍ ពោលគឺរថយន្ត SUV ដែលមានកៅអីអង្គុយ៧ ហើយចំណែកទីផ្សាររបស់ SUV នៅតែជាប់ចំណាត់ថ្នាក់ ក្នុងចំណោមរថយន្តលក់ដាច់បំផុត ទាំងបីប្រភេទ និងមានកំណើនអ្នកបើកបរខ្ពស់ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។
NISSAN TERRA ដែលមានតួជាប្រភេទរថយន្ត SUV គឺបានអភិវឌ្ឍដោយ បំពេញន្ថែមពីលើលក្ខណៈពិសេស របស់រថយន្ត Nissan SUV ដែលបានរចនាកាលពីជាង ៦០ឆ្នាំមុន ដែលរួមមានម៉ូដែលលេចធ្លោជាច្រើន ដូចជា រថយន្ត Nissan Patrol រថយន្ត Nissan Safari, រថយន្តNissan Terrrano និង រថយន្ត Nissan Xterra។
បើតាមលោកអគ្គនាយកក្រុមហ៊ុន រថយន្ត NISSAN TERRA ដែលបានផលិតឡើង នៅក្នុងរោងចក្រផលិត របស់ក្រុមហ៊ុន Nissan ប្រចាំប្រទេសថៃ សម្រាប់ផ្គត់ផ្គងទីផ្សារអាស៉ីអាគ្នេយ៍ បានរួមច្របាច់បញ្ចូលគ្នា នូវសមត្ថភាពដំណើរការ របស់ម៉ាស៉ីនកម្រិតខ្ពស់បំផុត ជាមួយនឹងបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល និងប្រកបដោយផាសុកភាព ដែលអតិថិជន អាចធ្វើដំណើរកម្សាន្ត ទៅកាន់ទីឆ្ងាយបាន ប្រកបដោយទំនុកចិត្តខ្ពស់បំផុត។
សូមជំរាបថា ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ភីធីវ៉ាយ អិលធីឌី នៅឆ្នាំ២០០៦ ក្រុមហ៊ុន តាន់ ចុង គ្រុប បានបើកមជ្ឈមណ្ឌល ផ្ដល់សេវាក្រោយពេលលក់ដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្រោមម៉ាកយីហោថា អ៊ី-ហ្គារាស។ នៅឆ្នាំ២០១០ ក្រុមហ៊ុន តាន់ ចុង គ្រុប បានចុះកិច្ចព្រមព្រៀងភាព ជាអ្នកចែកចាយជាមួយក្រុមហ៊ុន Nissan Motor Co. Ltd ដោយបានផ្ដល់ជូនក្រុមហ៊ុននេះ នូវសិទ្ធិផ្ដាច់មុខតែមួយគត់ ក្នុងការចែកចាយរថយន្ត Nissan នៅក្នុងប្រទេសកម្ពុជា។
ជាបន្តបន្ទាប់មកទៀត ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ (TCMC) បានបើកមជ្ឈមណ្ឌល Nissan 3S នៅក្នុងខេត្តសៀមរាប បន្ទាប់មកទៀតគឺសាខាមួយទៀត ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលរថយន្ត Nissan 3S ក្នុងទីក្រុងភ្នំពេញ បានបើកចូលក្នុង ទីផ្សារប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០១៨ TCMC បានប្ដេជ្ញាចូលរួមក្នុងទីផ្សារកម្ពុជា ហើយគ្រោងនឹងណែនាំម៉ូដែល Nissan ចុងក្រោយគេបង្អស់ ក៏ដូចជាបន្តពង្រីកបណ្ដាញលក់ និងក្រោយពេលលក់ក្នុងប្រទេសនេះ ដើម្បីផ្ដល់សេវាជូនអតិថិជនកាន់តែល្អប្រសើរ៕