(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បានប្រារព្ធទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង»។
ពិធីនេះត្រូវបានធ្វើឡើង នៅទីស្នាក់ការសាខាកាកបាទកម្ពុជាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក សុខ ឡុង នាយកនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ឡេង សុខា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត និងសមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រត្តិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហម អ្នកស្ម័ក្រចិត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣៥០នាក់។
លោក ហ៉ី សុវណ្ណ នាយកប្រតិបត្តិសាខា បានថ្លែងថា កាកបាទក្រហមខេត្ត បានសហការជាមួយកាកបាទក្រហម ហ្វាំងឡង់ លើគម្រោងកសាងភាពធន់ក្នុងសហគមន៍ ដោយចាប់អនុវត្តពីឆ្នាំ២០១៦មក មានអ្នកស្ម័គ្រចិត្ត២.១៥៣នាក់ ស្រី៥៦៦នាក់ ដោយមាន២ទៅ៣នាក់ ក្នុង១ភូមិ ព្រមទាំងបានរៀបចំអ្នកស្ម័គ្រចិត្ត នៅក្នុងស្រុកគោលដៅចំនួន២ គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដែលមានចំនួនសរុប ១៦០នាក់ផងដែរ ដោយបានទទួលបាន ការបណ្តុះបណ្តាល៣លើក ក្នុង១ឆ្នាំ។
លោកបន្តថា ក្នុងនោះក៏បានផ្តល់សម្ភារ:បរិក្ខារ ទៅកាន់សហគមន៍គោលដៅ ដើម្បីប្រើប្រាស់ក្នុងការលើកកម្ពស់សុខភាព និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ នឹងបានធ្វើការគាំទ្រដល់វិទ្យាល័យចំនួន២ គឺវិទ្យាល័យព្រែកអាជី ក្នុងស្រុកក្រូចឆ្មារ និងវិទ្យាល័យហ៊ុនសែនខ្នារ ក្នុងស្រុកត្បូងឃ្មុំ។
លោក សុខ ឡុង បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ក៏ដូចជាប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលខិតខំចូលរួមយ៉ាងសកម្មនូវការងារមនុស្សធម៌ ដោយឈរលើគោលការ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាប្រធាន គឺបង្ការ និងបន្ថយទុក្ខលំបាកវេទនា ដោយភាពមិនលំអៀង ដោយពិតប្រាកដ ឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសាជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។
ជាមួយគ្នានេះលោក ជាម ច័ន្ទសោភ័ណ បានសំណូមពរអ្នកស្ម័គ្រចិត្ត និងយុវជនទាំងអស់ រួមសាមគ្គីគ្នា តាមរយៈការណែនាំរបស់សាខាអនុសាខាកាកបាទក្រហមខេត្ត ដើម្បីបន្ដនូវប្រពៃណី នៃសកម្មភាពមនុស្សធម៌ ជាបន្ដទៅទៀត ក្នុងខេត្តត្បូងឃ្មុំ ឲ្យកាន់តែផុសផុលបន្ថែមទៀត។
ក្នុងឱកាសនោះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានទទួលសម្ភារបរិក្ខារបន្ថែមទៀត ពីកាកបាទក្រហមហ្វាំងឡង់ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សក្នុងខេត្តជាបន្ត។ ជាមួយគ្នានោះ អ្នកចូលរួមទាំង ៣៥០នាក់ ក៏ទទួលបានមុងតង់សុវត្ថិភាពម្នាក់១ ពីសាខាកាកបាទក្រហមខេត្តផងដែរ៕