(កោះកុង)៖ Facebook សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ហាញពីទិដ្ឋភាពនៃការដើរកម្សាន្ដ ទស្សនាការតាំងពិពរណ៌ផលិតផលផ្សេងរបស់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យសមុទ្រថ្ងៃទី២ ដែលបានធ្វើឡើងនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទិដ្ឋភាពពេលព្រឹក ថ្ងៃទី០២ នៃពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលពេលនេះ គឺមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងអញ្ជើញទស្សនាកម្សាន្ដ ជាមួយការតាំងពិពរណ៌ផលិតផលក្នុងស្រុក ក្រៅស្រុក ជាពិសេសការប្រកួតកីឡាផ្សេងៗ រួមជាមួយការគយគន់នូវទិដ្ឋភាពតំបន់ឆ្នេរសមុទ្រ នៃខេត្តកោះកុង ដែលកំពុងមានសក្តានុពល ដែលបានរៀបចំឡើងសម្រាប់ពិធីបុណ្យសមុទ្រនាថ្ងៃនេះ។
នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចដើរកម្សាន្ត និងទស្សនាសកម្មភាព សំខាន់ៗដូចជា ការតាំងពិព័រណ៍ទំនិញ, ផលិតផលក្នុងស្រុក និងក្រៅស្រុក, ពិពរណ៍មុខម្ហូប, ភេសជ្ជៈ, ព្រឹត្តិការកីឡា (លើគោក លើទឹក និងលើអាកាស), ប្រគុំតន្ត្រីនាពេលរាត្រី ជាមួយឈុតឆាកសិល្បៈផ្សេងៗជាច្រើនទៀត។
សូមជម្រាបថា នៅល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូតនានា, មន្រ្តីរាជរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។
សូមឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយ ទទួលបាននូវភាពរីករាយនៅថ្ងៃសម្រាកចុងសប្តាហ៍នេះ និងសូមឲ្យការកម្សាន្ត ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ រយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពរីករាយ៕