(កោះកុង)៖ ជាមួយនឹងការអំពាវនាវឱ្យជនរួមជាតិចូលរួមបុណ្យសមុទ្រលើកទី០៧នោះ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏បានឆ្លៀតជូនពរដល់ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ថ្ងៃខួបកំណើតគម្រប់៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំនាថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៤ ដល់១៦ធ្នូ ២០១៨។ ល្ងាចនេះខ្ញុំនិងភរិយា នឹងចូលរួមពិធីបើកបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅឯខេត្តកោះកុង ផងដែរ»។
សម្តេចតជោ ហ៊ុនសែនបានបន្តទៀតថា «ថ្ងៃទី១៥ធ្នូ ក៏ជាថ្ងៃខួបកំណើតភរិយាខ្ញុំ គម្រប់៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំផងដែរ។ សូមជូនពរភរិយាជាទីស្រឡាញ់មានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីចូលរួមដឹកនាំការងារមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាអោយសង្គមជាតិយើងកាន់តែរីកចម្រើន»។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏អញ្ជើញជាអធិបតី ក្នុងពិធីបើកផ្លូវការ នៃពិធីបុណ្យសមុទ្រឆ្នាំនេះផងដែរ៕