(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់បង្ក្រាបបានករណីចោរកម្ម ចំនួន២ករណី ដែលបានកើតមានឡើងនៅក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះថា ករណីទី១៖ កើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខក្លឹបឆេះជាប់កាស៊ីណូជិនប៉ី ស្ថិតនៅក្រុមទី១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់បំបែកសោរលួចយកម៉ូតូ របស់ជនរងគ្រោះម៉ាក Scoopy ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HD-1492 ដែលចតទុកនៅមុខក្លឹបឆេះ ជាប់កាស៊ីណូជិនប៉ី រួចជិះគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះតាមទូរស័ព្ទ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ និងយកបានម៉ូតូដែលគេលួចយកបាននៅមុខកាស៊ីណូ ឡាយអ៊ិន ចាស់។ ជនសង្ស័យឈ្មោះ នុត ប៊ុនថន ហៅខ្មៅ អាយុ៣៥ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ) ជាមុខសញាសកម្មលួចឆក់ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
ក្នុងនោះវត្ថុតាងចាប់យកបាន សោរច្នៃសំរាប់កាច់បំបែកសោរម៉ូតូ០២, សោរលេខ៨ ចំនួន០១, សោរអូរតូចំនួន០១, ក្បាលសោរលេខ៨ ចំនួន០១, ម៉ូតូ០១គ្រឿង ម៉ាក Scoopy ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HD-1492 កាច់ដាក់ក្រោមកែប។ ម៉ូតូ០១គ្រឿង ម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌សគ្មានស្លាកលេខ ម៉ូតូជិះធ្វើសកម្មភាព
ដោយឡែកករណីទី២៖ កើតឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណោទរ៉ា ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដោយមានជនសង្ស័យ០៣នាក់ បានធ្វើសកម្មភាពកាច់បំបែកសោរលួចយកម៉ូតូរបស់ជនរងគ្រោះ ដែលចតទុកនៅខាងមុខផ្ទះ រួចគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន០៤នាក់។
ជនសង្ស័យចំនួន០៤នាក់ ទី១៖ឈ្មោះ ឈិត ប៊ុនយូ អាយុ១៧ឆ្នាំ មុខរបរជាងធ្វើឡាន មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់កាច់បំបែកសោរលួចយកម៉ូតូ), ទី២៖ឈ្មោះ ទេព ដា អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ សំ ចិត្រា អាយុ១៩ឆ្នាំ និងទី៤៖ឈ្មោះ ទិត វាចា អាយុ២០ឆ្នាំ (ជនសមគំនិតចេញមុខធានាយកម៉ូតូទៅលក់)
វត្ថុតាងចាប់យកបាន ម៉ូតូម៉ាកអ៊ែរប្លែត ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ (ផលនៃអំពើទុច្ចរិត), ម៉ូតូម៉ាកអ៊ែរប្លែត ស៊េរីឆ្នាំ២០១៥ ពណ៌មាស គ្មានស្លាកលេខ (ផលនៃអំពើទុច្ចរិត), ម៉ូតូម៉ាកអ៊ែរប្លែត ស៊េរីឆ្នាំ២០១៤ ពណ៌ស គ្មានស្លាកលេខ (ផលនៃអំពើទុច្ចរិត)។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕