(ភ្នំពេញ)៖ ឆ្លងចរន្ដអគ្គិសនីចេញពីក្បាលអាគុយរថយន្ដ បង្កជាអគ្គិភ័យឆាបឆេះរថយន្ដអស់ចំនួន៣គ្រឿង ទាំងព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងយានដ្ឋានជួសជុលរថយន្ដមួយកន្លែង ស្ថិតតាមណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
របាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់យានដ្ឋានខាងលើឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣០ឆ្នាំ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីពីក្បាលអាគុយ ហើយបង្កជាភ្លើងឆេះតែម្ដង ដោយខូចខាតរថយន្តអស់រថយន្ត០៣គ្រឿង គឺម៉ាក Mercedes ឆេះមួយកំណត់មុខ, Lexus និង Tacoma ខូចខាតបន្តិចបន្តូច តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់មួយឡាន ស្មើនឹង០៤ម៉ែត្រគូប៕