(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍រវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ្វាង ស៊ុនជៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ នឹងបន្ដសហការដឹកនាំលើកកម្ពស់ប្រសិទ្ធភាពការងារ គ្រប់គ្រងច្រកទ្វារព្រំដែន ការត្រួតពិនិត្យសកម្មភាពចេញ-ចូលឆ្លងដែន ការនាំចេញ-នាំចូល ដោយសម្របសម្រួលបណ្ដាបែបបទរដ្ឋបាល ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពចរាចរឆ្លងកាត់ព្រំដែន។
ក្នុងន័យរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ សហការដោះស្រាយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវបណ្ដាស្ថានភាព ហេតុការណ៍ដែលកើតឡើង ស្របតាមស្មារតីដែលភាគីទាំងពីរបានព្រមព្រៀង និងបញ្ញត្តិច្បាប់របស់ប្រទេសនីមួយៗ។
បន្ថែមពីនេះ ភាគីទាំងពីរ បន្ដបង្កើតកិច្ចសហការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ពិសេសបទល្មើសគ្រឿងញៀន រត់ពន្ធមនុស្ស ជួញដូរមនុស្ស និងសកម្មក្នុងការទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នៅតំបន់ច្រកទ្វារព្រំដែនអន្ដរជាតិនៃប្រទេសទាំងពីរ។
ក្រៅពីនេះភាគីកម្ពុជា-វៀតណាម នឹងជំរុញការងារឃោសនាដល់ប្រជាពលរដ្ឋ គោរពប្រតិបត្តិសន្ធិសញ្ញា ស្ដីពីបទបញ្ញត្តិគ្រប់គ្រងព្រំដែន ច្បាប់របស់ប្រទេសនីមួយៗ ដែលមានការពាក់ព័ន្ធ និងបំផុសឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ ប្រឆាំងបទល្មើស អំពើរត់ពន្ធឆ្លងកាត់ព្រំដែន កសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរ ឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមវៀតណាម ជាមួយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩។ ចំពោះការបរិច្ឆេទ និងទីកន្លែងជាក់លាក់ ភាគីទាំងពីរនឹងព្រមព្រៀងគ្នាដោយជូនដំណឹងតាមរយៈកាទូត៕