(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ក្នុងឱកាសជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តពោធិ៍សាត់ បានថ្លែងថា បងប្អូនដែលមកទទួលស្បៀង ហើយមានកម្លាំងពលកម្មគ្រប់គ្រាន់ ត្រូវប្រើប្រាស់កម្លាំងពលកម្មដែលខ្លួនមាន ឲ្យអស់លទ្ធភាព ដើម្បីចូលរួមជួយសម្រាលបន្ទុកគ្រួសារយើង ជៀសវាងមានការខ្ជិលច្រអូស នាំឲ្យម្ចាស់ជំនួយមានការថ្នាំងថ្នាក់ ខាតបង់ផលប្រយោជន៍ ដល់បងប្អូនពុកម៉ែ ដែលខ្វះខាតពិតប្រាកដ។
លោក ម៉ៅ ធនិន បានបន្ថែមថា ក្នុងនាមលោកជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ រស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាពតែមួយ តែងតែផ្តោតការយកចិត្តទុកដាក់ និងជួយទំនុកបម្រុង និងដោះស្រាយសំណូមពរពលរដ្ឋ គ្រប់កាលៈទេសៈ។ ទោះបីជាការជួយនេះ មិនបានបំពេញតម្រូវចិត្ត ឬមានកម្រិតតិចតួចក្តី ក៏យើងត្រូវមានវប្បធម៌ចែករំលែក ទៅតាមស្ថានភាពជាក់ស្តែង ក្នុងការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសជនចាស់ជរាគ្មានទីពឹង និងជនដែលគ្មានមុខរបរពិតប្រាកដ បានយកទៅទទួលទានបានមួយគ្រា។
លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅមានកម្លាំងពលកម្មគ្រប់គ្រាន់ ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីលទ្ធភាព ទើបជីវភាពគាប់ប្រសើរ បានជួយសម្រាលបន្ទុកគ្រួសារ។
លោកបានបន្តទៀតថា យើងបានជួបជុំគ្នាមើលឃើញពីសមិទ្ធផលធំៗ នៅទូទាំងខេត្តក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ពលរដ្ឋដែលមកទទួលដំណេះស្រាយបញ្ហាប្រឈម និងទុក្ខលំបាកនាពេលនេះ សុទ្ធសឹងជាជនចាស់ជរា និងគ្រួសារក្រីក្រ លោកក៏បានចែកជូនក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម និងភេសជ្ជៈ២កំប៉ុង ដោយឡែកស្ត្រីដែលត្រៀមឆ្លងទន្លេ ទទួលបានសារ៉ុង៥បន្ថែមផងដែរ។ នេះគឺជាទម្លាប់ នៅរៀងរាល់មុន ក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល របស់លោក ម៉ៅ ធនិន អភិបាលខេត្ត ដើម្បីរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត៕