(ភ្នំពេញ)៖ មន្ត្រីយោធាស័ក្ដិ៤កន្លះម្នាក់ ស្រវឹងបើករថយន្តបុកបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាតាមផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកភ្នំពេញ 2D-1359 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើរេចង្កូតទៅឆ្វេងឡើងឃឿន ជ្រុលទៅបុកបង្គោលភ្លើង និងបង្គោលស្លាកសញ្ញា បណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។
ភ្លាមៗនោះអ្នកដែលបានឃើញហេតុការណ៍ បាននាំគ្នាមួយជួយវាយកញ្ចក់រថយន្ត ដើម្បីយកអ្នកបើកបរទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕