(ភ្នំពេញ)៖ អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយលាបពណ៌ និងបន្តុះបង្អាប់លើរូបលោក ជុំវិញជំហរទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងកិច្ចសម្ភាសជាមួយលោក គឹម សុខនោះ ថាជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនឆ្លុះបញ្ចាំងពីជំហរពិតរបស់លោក។
អតីតតំណាងរាស្រ្តរូបនេះ បានលើកឡើងនៅលើ Facebook យ៉ាងដូច្នេះថា៖ «ការចោទប្រកាន់ដោយគ្មានប្រភពព័ត៌មានផ្លូវការ លើរូបខ្ញុំ ដែលថាត្រៀមខ្លួនដើម្បីដាក់លិខិតស្នើសិទ្ធិធ្វើនយោបាយនោះ ជាការបំភាន់មតិមហាជន និងមិនឆ្លុះបញ្ចាំងពីជំហររបស់ខ្ញុំឡើយ។ ការប្រើប្រាស់ស្ថាប័នពត៌មានសាធារណ: ផ្សាយព័ត៌មានមិនមានលក្ខណ: ត្រឹមត្រូវបែបនេះអាចប៉ះពាល់ដល់កិត្តយសអ្នកដទៃ និងសីលធម៌ សុជីវធម៌ និងវិជ្ជាជីវ:នៃអ្នកផ្សាយផង»។
ទន្ទឹមនឹងការវាយបកបែបនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានស្នើដល់វិទ្យុអាសុីសេរី កែតម្រូវជូនសាធារណជន ដើម្បីចៀសវាងការភាន់ច្រឡំ ទទួលព័ត៌មានមិនពិត និងការចោទប្រកាន់នានា ដែលមានជាយថាហេតុ និងដើម្បីរក្សាកិត្តិយសទាំងអ្នករងគ្រោះដោយសារការផ្សាយ និងទាំងអ្នកផ្សាយ។
សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានជំទាស់ទៅនឹងការប្រកាស របស់លោក សម រង្ស៉ី ដែលហាមមិនឱ្យអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ទទួលយកការដកបម្រាមសិទ្ធិធ្វើនយោបាយ ក្រោមសេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់គណបក្សនយោបាយ ដែលរៀបចំដោយរដ្ឋសភា។
លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា ការសម្រេចទទួលយក ឬមិនទទួលយក គួរតែផ្តល់សិទ្ធិឱ្យអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ជាអ្នកសម្រេចដោយខ្លួនឯង ដោយមិនគួរ លោក សម រង្ស៉ី ដាក់សម្ពាធធ្ងន់ធ្ងរទៅលើពួកគេ ធ្វើការសម្រេចអត្តនោម័តិនោះទេ។
លោក ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនឯកភាពជាមួយលោកប្រធាន សម រង្ស៉ី ដែលសម្រេចអត្តនោម័តិឱ្យបុគ្គលទាំង១១៨នាក់ ហើយអះអាងថា ពួកយើងមិនទទួលសិទ្ធិ(នយោបាយ)ក្តី ជាការអះអាងរបស់លោកផ្ទាល់ ប៉ុន្តែអ្នក១១៨រូប ក្នុងនោះមានទាំងខ្ញុំផ្ទាល់ មិនទាន់មានការអះអាងអ្វីនៅឡើយទេ»។
លោកបានបន្តថា៖ «ខ្ញុំយល់ថាវាជារឿងបុគ្គលម្នាក់ៗទេ បើសិនជាបុគ្គលម្នាក់ៗ យល់ថាយ៉ាងម៉េច គួរទទួលសិទ្ធិរបៀបម៉េច គួរតែផ្តល់សិទ្ធិជូនបុគ្គលអ្នករងគ្រោះទាំងអស់ហ្នឹងជាអ្នកសម្រេចវិញ ទោះជាសម្រេចរួមក៏ដោយ ជាឯកជនក៏ដោយ ទុកឱ្យពួកគាត់ (១១៨នាក់) ជាអ្នកសម្រេចទៅ មិនអាចឱ្យមេដឹកនាំណាមួយមកអត្តនោម័តិទាំងអស់អញ្ចឹងបានទេ»។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅទន្ទឹមនឹងរដ្ឋសភាដំណើរការរៀបចំសេចក្តីស្នើវិសោធនកម្មច្បាប់ ដែលនឹងផ្តល់សិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយដល់អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិឡើងវិញនោះ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានហាមប្រាមដល់អតីតថ្នាក់ដឹកនាំរបស់ខ្លួន មិនឱ្យទទួលយកការដកបម្រាមនេះឡើយ។ ជាមួយគ្នានេះ លោក សម រង្ស៉ី ដែលឡើងជាប្រធានស្តីទី អតីតគណបក្សសង្រ្គោះជាតិទាំងខុសលក្ខន្តិកៈ បានព្រមានថា បើសិនជាមាននរណាម្នាក់ទទួលយកការដកបម្រាមនេះ អ្នកនោះគឺជាជនក្បត់បក្សតែម្តង។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា ការលើកឡើងរបស់ លោក សម រង្ស៉ី គឺជាសម្ពាធដ៏ធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា «អញ្ចឹង វាធ្វើឱ្យមានសម្ពាធទៅលើបុគ្គលអ្នកនយោបាយដែលរបស់តុលាការ ១១៨រូបនោះ ហើយធ្វើឱ្យយើងខ្ញុំមានការរារែកចិត្តមែនទែន វាជាសម្ពាធមួយដែលវាពិបាកនឹងដកដង្ហើម នៅពេលនេះ ហើយយើងពិបាកធ្វើសេចក្តីសម្រេច ថាតើគួរស្នើដើម្បីយកសិទ្ធិមកវិញដោយរបៀបម៉េច?»៕