(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «កម្មវិធី និងអភិបាលកិច្ច នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព» ដោយមានការអញ្ជើញចូលរួមពីសេដ្ឋកិច្ចវិទូជាន់ខ្ពស់ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ, ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ធុរកិច្ចបង្កើតថ្មីជោគជ័យមួយចំនួន។

លោក វង្សី វិស្សុត មានថ្លែងថា ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីលើកកម្ពស់សមត្ថភាពសហគ្រិន និងសហគ្រាស (Capacity upgrading) ជាពិសេសការលើកកម្ពស់វប្បធម៌សហគ្រិនភាព (Entrepreneurial culture promotion) នៅកម្ពុជា ព្រមទាំងជួយបង្កើតបណ្តាញទំនាក់ទំនង (Networking platform) និងដើម្បីផ្សារភ្ជាប់សហគ្រិនវ័យក្មេងទៅនឹង (១).ប្រភពហិរញ្ញប្បទាន ពិសេសធនាគារ និងទីផ្សារមូលធនជាដើម។ល។ (២).ទីផ្សារទំនិញ និងសេវាកម្ម និង (៣).ដៃគូដែលមានសក្តានុពលនៅក្នុងការធ្វើអាជីវកម្ម និងធុរកិច្ចរួមគ្នា។ ជាងនេះទៅទៀត មូលនិធិក៏នឹងផ្តល់នូវហិរញ្ញប្បទានវិនិយោគ (Seed fund) ផងដែរ។

លោក វង្សី វិស្សុត បានបន្តថា តួនាទីរបស់រដ្ឋនៅក្នុងក្របខ័ណ្ឌនេះ គឺដើម្បីដោះស្រាយបញ្ហា Market Failure និងធ្វើឱ្យយន្តការទីផ្សារអាចដំណើរការមុខងាររបស់ខ្លួនបានពេញលេញ ហើយជៀសវាងបាននូវហានិភ័យផ្សេងៗ ដែលកើតចេញពីការផ្តេកផ្តួលហួសហេតុរបស់វិស័យឯកជន មកលើអន្តរាគមន៍របស់រដ្ឋឥតឈប់ឈរ (Moral hazard) ពោលគឺរដ្ឋបង្កើតឡើងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងលក្ខខណ្ឌទាំងឡាយ ដើម្បីផ្តល់លទ្ធភាពដល់ធុរៈកិច្ច​ ទើបបង្កើតថ្មីអាចមានលទ្ធភាពជំនះ បាននូវបញ្ហាប្រឈមទាំងឡាយ ដែលមាននៅក្នុងប្រព័ន្ធសេដ្ឋកិច្ចយើងសព្វថ្ងៃ។ ក្នុងន័យនេះ រដ្ឋនឹងខិតខំបង្កើនការវិនិយោគលើថ្នាល (platform) នៅដំណាក់កាលដំបូង ដែលត្រូវការទុនវិនិយោគច្រើន ពិសេសលើការតភ្ជាប់ផ្នែកឌីជីថល និងឡូជីស្ទីក ដើម្បីជំរុញការអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា កម្ពុជាត្រូវធ្វើកិច្ចការនេះឱ្យបានក្លាំងក្លា ដើម្បីអាចដើរទាន់គេនៅក្នុងតំបន់ ព្រោះថា ទំហំនៃការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងសេដ្ឋកិច្ច នៅមានទំហំតូចនៅឡើយ។ ជារួម ការបង្កើត «មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព» គឺក្នុងគោលបំណងគ្រប់គ្រង, វិនិយោគ និងកៀរគរមូលធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់សហគ្រិន, សហគ្រាសធនតូចនិងមធ្យម, ធុរៈកិច្ចបង្កើតថ្មី និងស្ថាប័នដៃគូ ដែលធ្វើសកម្មភាពនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច។ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងក្លាយជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រពិពិធកម្មសេដ្ឋកិនវានុវត្តន៍ និងការបង្កើតការងារសមរម្យ។

បេសកកម្មរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងផ្តោតលើគោលការណ៍ចំនួន ៤ គឺ៖

* ប្រសិទ្ធភាពនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងប្រព័ន្ធបណ្តាញដែលប្រមូលផ្តុំនូវកម្លាំងអន្តរកម្មរវាងភ្នាក់ងារ និងភាគីពាក់ព័ន្ធ
* ធានាឱ្យបាននូវការរៀបចំ និងការអនុវត្តថវិកាដោយផ្អែកលើសូចនាករសមិទ្ធកម្មគន្លឹះ, ប្រសិទ្ធភាព និងតម្លាភាព
* ការផ្តល់ថវិកាគាំទ្រ និងការវិនិយោគត្រូវផ្តល់ទម្ងន់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន
* រក្សាកម្រិតបៀវត្សសមរម្យសម្រាប់មន្រ្តី និងបុគ្គលិក ដើម្បីធានាបានវិន័យ, ប្រសិទ្ធភាពការងារនិងវិជ្ជាជីវៈខ្ពស់។

ក្នុងន័យនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព រៀបចំឡើងក្នុងគោលដៅពីរ គឺដើម្បីគាំទ្រដល់អាជីវកម្មធុនតូច និងមធ្យម (SMEs) ដែលមានសក្ដានុពល ក៏ដូចជាធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ និងលើកកម្ពស់វប្បធម៌ជា សហគ្រិនភាព។ បន្ថែមពីលើនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងបែងចែកអភិបាលកិច្ចជាពីរអង្គភាពគឺ (១) អង្គភាពដែលកៀរគរ និងគ្រប់គ្រងមូលនិធិ ដោយផ្តោតលើការត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលកម្មវិធីថវិកា និង (២) អង្គភាពប្រតិបត្តិកម្មវិធីលើកកម្ពស់សហគ្រិនភាព ដែលមានស្វ័យភាពរដ្ឋបាល ដឹកនាំដោយនាយកប្រតិបត្តិមានគុណវុឌ្ឍន៍ ពីវិស័យឯកជន។ អង្គភាពទាំងពីរនេះ នឹងត្រូវបានណែនាំដោយក្រុមប្រឹក្សាភិបាលដែលមានសមាសភាពតំណាងពីវិស័យសាធារណៈ និងឯកជន។
ផ្អែកលើកម្មវិធី និងអភិបាលកិច្ចគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលបានរៀបចំឡើងដោយក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អង្គប្រជុំបានវាយតម្លៃខ្ពស់ពីសារៈសំខាន់កម្មវិធីលើកកម្ពស់សគ្រិនភាពឈរលើបរិការណ៍នៃបញ្ហាជាក់ស្ដែងដែលកំពុងជួបប្រទះ និងតម្រូវការរបស់ភាគីពាក់ព័ន្ធ ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនាបច្ចុប្បន្ន។

អង្គប្រជុំក៏បានបន្តពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើការអនុវត្ត, គ្រប់គ្រង ព្រមទាំងពិនិត្យ និងចែករំលែកបទពិសោធន៍សំខាន់ៗពាក់ព័ន្ធ ដើម្បីជាធាតុចូលបន្ថែមទៀតសម្រាប់ក្រុមការងារធ្វើការពិចារណាក្នុងសេចក្តីព្រាងកម្មវិធីនេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព និងស័ក្កសិទ្ធភាព ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណសហគ្រិនវ័យ-ក្មេងដែលបានផ្ដល់ជាធាតុចូលនានា និងសហការពិភាក្សាចាប់តាំងពីកម្រិតបច្ចេកទេស រហូតថ្នាក់ដឹកនាំស្ថាប័ន ជាពិសេសបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ៕