(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស លើកទី៤ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងហ្លួងប្រាបាង្គ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៤ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍភាពនៃកិច្ចសហ-ប្រតិបត្តិការមេគង្គ-ឡានឆាង និងលទ្ធផលស្តីពីការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហ-ប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងពិភាក្សាពីទិសដៅនាពេលអនាគតរបស់ កិច្ចសហប្រតិបត្តិការនេះ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអនុតំបន់ទន្លេមេគង្គ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៤ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ មានឯកសារចំនួនពីរដែលរំពឹងថានឹងត្រូវអនុម័តគឺ៖
* សេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៤ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង
* របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការសកម្មភាព៥ឆ្នាំ របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០១៨
ក្នុងអំឡុងពេលស្នាក់នៅប្រទេសឡាវ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន៕