(ចិន)៖ អាជ្ញាធរនៅទន្លេ តុងធីង ភាគកណ្ដាលប្រទេសចិន បានចាត់វិធានការស្ដារបរិស្ថានទន្លេដែលបានរងការខូចខាត។ ហើយមកដល់បច្ចុប្បន្ន ការងារនេះបានចេញលទ្ធផលជាផ្លែផ្កាហើយ។ លទ្ធផលទាំងនោះ មានដូចជា ទឹកទន្លេប្រែមកជាថ្លាល្អវិញ ហើយចំនួនសត្វព្រៃដែលអាស្រ័យផលនឹងទន្លេនេះ ក៏ចាប់ផ្ដើមកើនឡើងវិញដែរ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លាតសន្ធឹងលើផ្ទៃដីទំហំ២៦០០គីឡូម៉ែតការ៉េ ទន្លេ តុងធីង មានព្រំប្រទល់ជាប់នឹង៣ទីក្រុងរបស់ខេត្ត ហ៊ូណាន ភាគកណ្ដាលប្រទេសចិន។ ៦០ភាគរយនៃទន្លេនេះ គឺស្ថិតនៅបណ្ដោយទីក្រុង យៀកយ៉ាង ជាកន្លែងដែលអាជ្ញាធរមូលដ្ឋាន បានចាត់វិធានការស្ដារគុណភាពប្រព័ន្ធអេកូដែលរស់នៅក្បែរទន្លេ។
សកម្មភាពបូមខ្សាច់ខុសច្បាប់ គឺជាបញ្ហាប្រឈមដ៏ធំចំពោះប្រព័ន្ធអេកូនៅតំបន់ដីសើមទន្លេ តុងធីង នេះ។ កាលពីមុន ទីនេះធ្លាប់មានទីតាំងធំមួយដែលលក់និងដឹកខ្សាច់ដែលបូមចេញពីច្រាំងទន្លេ នៅភាគខាងកើត។ តែរដ្ឋាភិបាលមូលដ្ឋាន បានបិតកន្លែងបូមខ្សាច់ទាំង៣៩ទីតាំងចោល ហើយក៏បានដាំស្មៅលើទីតាំងចាស់នោះជំនួសវិញ។
តំបន់ដីសើមដែលប្រែមុខមាត់ថ្មីនេះ បានទាក់ទាញសត្វស្លាបដែលផ្លាស់ទីអោយមករស់នៅទីនេះ ហើយអ្នកជំនាញនិយាយថា ក្នុងមួយឆ្នាំ មានសត្វស្លាបដល់ទៅជាង២សែនក្បាលឯណោះ ដែលតែងតែផ្លាស់ទីមករស់នៅទីនេះ។
សត្វប្រើសព្រៃជាង១៦០ក្បាល ក៏កំពុងរស់នៅទីនេះដែរ ជាហេតុនាំអោយមានគេបើកមណ្ឌលសង្គ្រោះប្រើសថ្មីមួយ កាលពីឆ្នាំ២០១៦។ សព្វថ្ងៃ មានបុគ្គលិកនិងអ្នកស្ម័គ្រចិត្តជាង២០០នាក់ កំពុងការពារសត្វទាំងនេះ។ ក្នុង១ខែ គេដើរល្បាតទន្លេចំនួន២ដង ហើយបានជួយសត្វប្រើសដែលជាប់អន្ទាក់ ឬ មានរបួស។
លោក យ៉ាង សៀវឈាំង បុគ្គលិក មណ្ឌលថែទាំធនធានធម្មជាតិទន្លេ តុងធីង ភាគខាងកើត និយាយថា «ខ្ញុំធ្វើការនៅទីនេះ ជិត៣០ឆ្នាំទៅហើយ។ បរិស្ថាននៅទីនេះ ពិតជាលូតលាស់វិញមែន ហើយខ្ញុំសង្ឃឹមថាវានឹងកាន់តែល្អជាងនេះទៀត ទៅថ្ងៃមុខ»។
ទន្លេ តុងធីង សំបូរទៅដោយស្មៅដែលអាចយកទៅច្នៃធ្វើជាក្រដាសបាន។ ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះប្រព័ន្ធអេកូរបស់ទន្លេនៅពេលកាត់ស្មៅ និងដើម្បីកាត់បន្ថយការបំពុលបរិស្ថានពេលផលិតក្រដាស រដ្ឋាភិបាលមូលដ្ឋាន បានបិទរោងចក្រផលិតក្រដាសក្នុងតំបន់មួយភាគធំ។ ឯរោងចក្រដែលមិនទាន់បិទ នឹងតម្រូវអោយបិទ នៅត្រឹមដំណាច់ឆ្នាំនេះ។
បច្ចុប្បន្ន ស្មៅទាំងនេះ មិនត្រឹមតែផ្ដល់ជំរកដល់សត្វប៉ុណ្ណោះទេ តែក៏ជួយបន្សុទ្ធទឹកទន្លេទៀតផង។
លោក កាវ តាលី អនុប្រធានការិយាល័យគ្រប់គ្រង មណ្ឌលថែទាំធនធានធម្មជាតិទន្លេ តុងធីង ភាគខាងកើត និយាយថា «យើងជឿថា ក្រោយពីចំណាយពេល៣ឆ្នាំដើម្បីព្យាបាលនិងស្ដារ ត្រឹមឆ្នាំ២០២០ខាងមុខនេះ ទន្លេតុងធីងនឹងស្រស់ស្អាតដូចជាផ្ទាំងគំនូរអញ្ជឹង ដោយមានទឹកថ្លាឆ្វង់ មានត្រីផ្សោតហែលចុះឡើង និងមានសត្វស្លាបហោះនៅពីលើទឹក»៕ (សារព័ត៌មាន CCTV របស់ចិន)