(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំបុណ្យសមុទ្រលើកទី៧ ខេត្តកោះកុង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញដឹកនាំសិក្ខាសាលាអបអរពិធីបុណ្យសមុទ្រលើកទី៧ ប្រធានបទ «ឆ្នេរសមុទ្រស្អាតពលរដ្ឋរមណីយ - Beautiful Bay, Happy Citizen»។
សិក្ខាសាលានេះធ្វើឡើងក្រោមពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព - Ecotourism for Green Growth and Sustainable Tourism» អមជាមួយពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជាប្រចាំឆ្នាំ២០១៨ និងជ័យលាភីឆ្នេរស្អាត (Beach Eco-Label)។
សិក្ខាសាលានេះ មានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក Bruno BODARD អគ្គនាយកនៃក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ប្រធានក្រុមការងារគ.អ.ឆ.ក.ខេត្តតំបន់ឆ្នេរទាំង០៤ មន្ត្រីជំនាញមន្ទីរអង្គភាពខេត្តកោះកុង និងប្រតិបត្តិករម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តកោះកុង ប្រមាណជា៤០០នាក់។
ឆ្លៀតក្នុងឱកាសនោះ ក្រសួងទេសចរណ៍ ក៏បានប្រគល់ជូនបណ្ណសរសើរ លិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍នៅតាមបណ្ដាខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ (ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត) ចំនួន ៨៩អាជីវកម្មដែលរួមមាន៖
* ខេត្តកោះកុង មានចំនួន ២៥អាជីវកម្ម ក្នុងនោះ ១៣អាជីវកម្មទទួលបានបណ្ណសរសើរ
* ខេត្តកំពត មានចំនួន ១៩អាជីវកម្ម ក្នុងនោះ ០៣អាជីវកម្មទទួលបានបណ្ណសរសើរ
* ខេត្តកែប មានចំនួន ១៧អាជីវកម្ម ក្នុងនោះ ១២អាជីវកម្មទទួលបានបណ្ណសរសើរ
* ខេត្តព្រះសីហនុ មានចំនួន ២៨អាជីវកម្ម ទទួលបានបណ្ណសរសើរ។
សូមបញ្ជាកផងដែរថា ការវាយតម្លៃអាជីវកម្មគំរូសម្រាប់ការផ្ដល់បណ្ណសរសើរ លិខិតសរសើរ ផ្អែកលើគោលការណ៍ ៦ចំណុច រួមមាន៖ ១៖ គុណភាពសេវាកម្ម សម្ភារៈ បដិសណ្ឋារកិច្ច និងទិដ្ឋភាពទូទៅ ២៖ អនាម័យ ៣៖ ប្រព័ន្ធសន្តិសុខ សុវត្ថិភាព និងបង្ការអគ្គីភ័យ ៤៖ ផលប្រយោជន៍សង្គម ៥៖ អត្តសញ្ញាណជាតិ
៦៖ ការងារទាក់ទងទេសចរណ៍បៃតង និងបរិស្ថាន។ ជាមួយគ្នានេះ គោលបំណងនៃការផ្ដល់ប័ណ្ណសរសើរ លិខិតសរសើរ ធ្វើឡើងដើម្បីលើកទឹកចិត្តអាជីវកម្មអោយចូលរួមការអភិវឌ្ឍទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ជាអាទិ៍ ចូលរួមដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក៕