(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ សូមជម្រាបជូនដំណឹងថា បន្ទាប់ពីលោកបានទទួលសំណើរសុំឲ្យជួយតភ្ជាប់សេវាទឹកស្អាត យោងតាមការលំបាកខ្លាំង ក្នុងការប្រើប្រាស់ទឹកឯកជន មានតម្លៃថ្លៃ និងការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ ដោយសារតម្រូវការប្រើប្រាស់កើនឡើង ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់ប្រជាពលរដ្ឋ ប្រមាណជាង៥៤គ្រួសារ រស់នៅសហគមន៍ភូមិចុងខ្សាច់ និងភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រួចមកហើយនោះ, រដ្ឋបាលខណ្ឌ បានចាត់ចែងភ្លាមៗ មិនបង្អង់យូរឡើយ ដើម្បីរៀបចំឯកសារបញ្ជូនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ទៅអគ្គនាយករដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ ដើម្បីដោះស្រាយជូន ប៉ុន្តែសូមអធ្យាស្រ័យនូវការយ៉ឺតយ៉ាវបន្តិចបន្តួច ដោយសារមូលហេតុសំខាន់ៗចំនួន២។
អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌលោក ហាស់ កំសាន្ត ថា មូលហេតុ ដែលយមានការយ៉ឺយយ៉ាវ បញ្ជូនឯកសារស្នើសុំ របស់ប្រជាពលរដ្ឋចំនួន៥៤គ្រួសារ រស់នៅសហគមន៍ភូមិចុងខ្សាច់ និងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ដើម្បីសុំតភ្ជាប់ទឹកស្អាតប្រើប្រាស់ ទៅកាន់អគ្គនាយករដ្ឋាករស្វយ័ត រាជធានីភ្នំពេញនេះដែរ បណ្ដាលមកពីរដ្ឋបាលខណ្ឌ កំពុងមមារញឹកកែតម្រូវឡើងវិញ នូវឯកសារទាក់ទងសំណើររបស់ប្រជាពលរដ្ឋ លើបញ្ហាស្នើសុំតភ្ជាប់ទឹកស្អាត និងរៀបចំឯកសារបន្ទាន់មួយទៀត របស់ប្រជាពលរដ្ឋ ចំនួន៦៣គ្រួសារ រស់នៅសហគមន៍ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ក្នុងការស្នើសុំតភ្ជាប់ទឹកស្អាត បានប្រើប្រាស់ដូចគ្នា ពោលគឺសំណើរសុំតភ្ជាប់ទឹកស្អាត របស់ប្រជាពលរដ្ឋ ជាង១០០គ្រួសារឯណោះ ក្នុង២សង្កាត់ ៣ភូមិ មិនមែន៥៤គ្រួសារនោះទេ និងត្រូវបញ្ជូនទៅអគ្គនាយករដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈរដ្ឋបាលខណ្ឌឫស្សីកែវ៕