(ពោធិ៍សាត់)៖ រឿងអាស្រូវមួយត្រូវ បានបែកធ្លាយ ដោយឪពុកបង្កើត ចាប់រំលោភកូនខ្លួនឯងរហូតមានផ្ទៃពោះ។ ហេតុការណ៍នេះ កើតឡើងតាំងពីអំឡុងឆ្នាំ២០១៧ ហូតមកដល់ខែមេសា ឆ្នាំ២០១៨ នៅពេលម្តាយនាងមានមន្ទិលសង្ស័យ យកកូនទៅពិនិត្យនៅមន្ទីរពេទ្យ ទើបដឹងថា កូនមានផ្ទៃពោះ ក៏មានការភ្ញាក់ផ្អើល មកប្តឹងសមត្ថកិច្ចធ្វើការស៉ើបអង្កេត ចាប់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះតែម្តង។
ជនរងគ្រោះ ម៉ គ ធ អាយុ១៦ឆ្នាំ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបនាងនិងឪពុកបង្កើតរបស់ខ្លួនឈ្មោះ សាំង សារុន បានជិះម៉ូតូជាមួយគ្នា ប្រកបមុខរបរជាងសំណង់ជារៀងរាល់ថ្ងៃ។ លុះចប់ពីម៉ោងការងារ ឈ្មោះ សាំង សារុន ជាឪពុកបង្កើតបានឲ្យនាង ឌុបត្រឡប់មកផ្ទះវិញ។
នៅពេលនាងឌុបគាត់ម្តងៗ មកដល់កន្លែងមានសភាពស្ងាត់ៗ រូបគាត់តែងតែយកដៃ មកលូកអោបចង្កេះនាង ជារៀងរាល់ថ្ងៃ ដោយនាងមិនចាំថ្ងៃខែ ចាប់តាំងឆ្នាំ២០១៧ ហើយគំរាមនាង មិនឲ្យប្រាប់អ្នកណាទាំងអស់។ ប្រសិនបើរូបនាងប្រាប់ម្តាយ ជនសង្ស័យជាឪពុក នឹងវាយទាំងម្តាយនឹងកូន។ ដោយសារភាពភ័យខ្លាច នាងក៏មិនហ៊ាននិយាយប្រាប់ការពិត ដល់ម្តាយ ឬអ្នកជិតខាងនោះឡើយ។
បើតាមការឲ្យដឹងឈ្មោះ ងួន សុភាព អាយុ៤៥ឆ្នាំ ត្រូវម្តាយជនរងគ្រោះ បានបំភ្លឺថា កន្លងមករូបគាត់បានសង្ស័យថា ប្តីនិងកូនស្រីរបស់គាត់ ឃើញមានភាពស្និតស្នាលនឹងគ្នា ហើយអ្នកស្រុកពិសេសពួកប្រុសៗ និយាយលេងជាមួយកូនស្រីរបស់គាត់មិនបាន ម៉្យាងទៀត នៅពេលបរិភោគអាហារពេលល្ងាចរួច ពួកគាត់តែងតែចូលគេងក្នុងមុង ជាមួយប្តីនិងកូន ប៉ុន្តែប្តីរបស់គាត់ តែងតែដេញខ្លួនឲ្យគាត់ទៅគេងគ្រែផ្សេង។
ចាប់តាំងពីពេលនោះមក បងស្រី ងួន សុភាព មានការងឿងឆ្ងល់ ហើយសង្កេតឃើញកូនស្រីរបស់គាត់ មានសភាពស្លេកស្លាំង ក៏នាំកូនស្រីទៅពិនិត្យ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ហើយមានការអះអាងពីគ្រូពេទ្យ បានបញ្ជាក់ថា កូនស្រីរបស់ខ្លួនមានផ្ទៃពោះហើយ។ ភ្លាមៗនោះបងស្រី ងួន សុភាព ក៏នាំកូនមកដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី១២ ខែធ្នូ ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយរកយុត្តិធម៌ ឲ្យកូនស្រីរបស់គាត់។
លោកស្រីឧត្តមសេនីយ៍ត្រី ចាប យ៉ម ស្នងការរងទទួលបន្ទុកផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹង របស់ជនរងគ្រោះ និងមានការសម្របសម្រួល ពីព្រះអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះ សាំង សារុន មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសាកសួរ។
ជនសង្ស័យ សាំង សារុន បានសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីខ្លួនឯង បានសម្រេចតាំងពីខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១២៖០០យប់ នៅចំណុចលើគ្រែក្រោមផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមានផ្ទៃពោះ ដោយគំរាមមិនឲ្យកូនស្រី និយាយរឿងអាស្រូវនេះ ប្រាប់ម្តាយ និងអ្នកស្រុកឲ្យដឹងនោះឡើយ។
លោកស្រីស្នងការរងបានបន្តថា ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤នេះ ដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ៕