(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍សមត្ថភាព ផ្នែកគោលនយោបាយបរិស្ថាន តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍»។ សិក្ខាសាលានេះធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សិក្ខាសាលានេះ គឺជាវេទិកាវិទ្យាសាស្រ្តចំហរ ដែលនឹងផ្តល់នូវធាតុចូលកាន់តែច្រើន ដល់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកជាមួយបណ្តា ក្រសួងស្ថាប័នពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អ និងកិច្ចគាំពារបរិស្ថាន។ ប្រធានបទដ៏សំខាន់ចំនួនពីរ ដែលបានជ្រើសរើសចេញ ពីប្រធានបទចំនួន៥ នៃកម្មវិធីសិក្សាគោលនយោបាយបរិស្ថាន នៅកម្ពុជា ឆ្នាំ២០១៨នេះ គឺទី១៖ ការគ្រប់គ្រងតំបន់ការពារ និងឧទ្យានជាតិ និងទី២៖ ការគ្រប់គ្រងកាកសំណល់រាវ ដែលត្រុវលើកយកមកពិភាក្សា។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមថា លទ្ធផលដែលកើតចេញពីអង្គសិក្ខាសាលានេះ រួមមាន៖ កិច្ចសហការល្អ និងការចូលរួមពីសំណាក់សិក្ខាកាម ដែលបានសិក្សាតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។ កិច្ចសហការដ៏ល្អរវាងផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ និងវិទ្យាស្ថានបរិស្ថានកូរ៉េ ក្នុងការជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធនានា ដើម្បីយល់ដឹងពីកម្មវិធីបរិស្ថាន។ កិច្ចគាំទ្រពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នពាក់ពន្ធ័របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ការងារបរិស្ថាន ជាមួយនឹងឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគាំពារយ៉ាងពេញទំហឹង ក្នុងកិច្ចការពារបរិស្ថានទាំងក្នុងកំរឹតជាតិ និងអន្តរជាតិ។
សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការលើកកម្ពស់ ការស្រាវជ្រាវរួមគ្នា។ ចាប់តាំងពី ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ស្ថាប័នទាំងពីរបានសហការគ្នាលើការស្រាវជ្រាវរួមគ្នា ការរៀបចំសិក្ខាសាលា កសាងសមត្ថភាព សន្និសីទអន្តរជាតិ ការបោះពុម្ព និងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រដល់ដំណើរការកម្មវីធីសិក្សាគោលនយោបាយបរិស្ថាន តាមប្រព័ន្ធអនឡាញនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ និងបានបន្តរហូតមកដល់ឆ្នាំ២០១៨នេះ៕