(ភ្នំពេញ)៖ កម្លាំងនគរបាលអន្តរាគមន៍ពិសេសខណ្ឌជ្រោយចង្វារ បានបើកប្រតិបត្តិការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ដែលពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ព្រមទាំងដកហូតថ្នាំញៀនចំនួន២៤កញ្ចប់តូច-ធំ និងកញ្ឆាក្រៀម២មែក។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១២៖៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើ រួមមាន៖ ឈ្មោះ វណ្ណ ហ្សាក់ ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរ-ឥស្លាម, ឈ្មោះ យោម សាន ភេទប្រុស អាយុ១៧ឆ្នាំ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរ, ឈ្មោះ ម៉ាត់ អូស័សវីរីន ភេទប្រុស អាយុ១២ឆ្នាំ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរ-ឥស្លាម, ឈ្មោះ ម៉ាត់ សើរហ្វីវី ភេទប្រុស អាយុ១៧ឆ្នាំ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរ-ឥស្លាម, ឈ្មោះ លី ទី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ (ប្រើប្រាស់គ្រឿងញៀន), ឈ្មោះ សា អារីហ្វីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបររត់តុការ (ប្រើប្រាស់គ្រឿងញៀន), ឈ្មោះ សា គីហ៉្សា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរធ្វើសំណង់ (ប្រើប្រាស់គ្រឿងញៀន), ឈ្មោះ រិម កា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរនេសាទត្រី (ប្រើប្រាស់គ្រឿងញៀន)។ ជនសង្ស័យទាំង ៨នាក់ខាងលើ ស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ លាភ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ចាន់ ស្លី បានបន្តថា ប្រតិបត្តិការខាងលើនេះ គឺដោយសារមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាដល់កម្លាំងនគរបាលទាំង១២ខណ្ឌ បើកប្រតិបត្តិការស្រាវជ្រាវនូវមុខសញ្ញាជួញដូរគ្រឿងញៀន លួច ឆក់ ប្លន់ គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋ។
បើតាមលោក ចាន់ ស្លី នៅក្នុងប្រតិបត្តិការចុះបង្ក្រាប ទីតាំងជួញដូរគ្រឿងញៀន ក៏ដូចជាកន្លែងប្រើប្រាស់គ្រឿងញៀនខាងលើនេះ គឺកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ព្រមទាំងដកហូតក្រាមពណ៌សថ្លាចំនួន ២៤កញ្ចប់តូច-ធំ, កញ្ឆាក្រៀម ២មែក, កាំបិតចំនួ២, ទូរស័ព្ទដៃចំនួន ២គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយមកជនសង្ស័យទាំង ៩នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕