(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ (Mekong Capital Markets Cooperation-MCMC)» លើកទី៨ នៅសណ្ឋាគារ Raffle Hotel Le Royal រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក.។
កិច្ចប្រជុំ MCMC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នំា២០១៣ ក្រោមគំនិតផ្តួចផ្តើមរបស់និយ័តករមូលបត្រ នៃប្រទេសអនុតំបន់ទន្លេមេគង្គចំនួន ៥ ជាសមាជិក រួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសថៃ។ សម្រាប់ឆ្នាំ២០១៨ នេះ ជាលើកទី២ ដែល គ.ម.ក. បានទទួលធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបាន ទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ នៅខេត្តសៀមរាប ឆ្នាំ២០១៥ កន្លងទៅ។
កិច្ចប្រជុំ MCMC លើកទី៨នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់ប្រទេសជា សមាជិកធ្វើការចែករំលែកបទពិសោធន៏ថ្មីៗ រួមមាន ការធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិពាក់ព័ន្ធ បញ្ហាប្រឈម ក្នុងការអភិវឌ្ឍទីផ្សារមូលធន និងការពិភាក្សាវែកញែករកវិធីសាស្រ្ត ក៏ដូចជាតាមដានការងារដែលបានដាក់ចេញ កន្លងទៅ ព្រមទាំងការងារដែលត្រូវអនុវត្តបន្ត ដើម្បីឱ្យប្រទេសសមាជិកទាំងអស់ទទួលបាននូវការអភិវឌ្ឍទីផ្សារ មូលធនប្រកបដោយចីរភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងរបស់ ទីផ្សារនៅក្នុងប្រទេសសមាជិក ក្នុងតំបន់ និងអន្តរជាតិ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រ និងវាគ្មិនដែលមានបទពិសោធន៍អនុវត្ត ជាក់ស្តែងនៅក្នុងវិស័យមូលបត្រ និងវិនិយោគផ្សេងៗយូរឆ្នាំ នៅក្នុងប្រទេសអនុតំបន់ទន្លេមេគង្គ។ លើសពីនេះ កិច្ចប្រជុំ ក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នាពហុភាគីស្តីពី «កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទីផ្សារមូលធននៅក្នុងប្រទេសអនុតំបន់ទន្លេមេគង្គ» រវាងនិយ័តមូលបត្ររបស់ប្រទេសជាសមាជិកទាំង ៥ ផងដែរ៕