(កោះកុង)៖ កម្លាំងនគរបាលនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយបញ្ជាការពារ ចុះទៅអប់រំអាជីវករតាមតូបលក់ទំនិញ ដើម្បីណែនាំ និងទប់ស្កាត់គ្រោះអគ្គិភ័យកើតឡើង ក្នុងឱកាសបុណ្យសមុទ្រ រយៈពេល៣ថ្ងៃ។
យោងតាមឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅវេលាម៉ោង១២៖០០នាទី មានករណីផ្ទុះកំប៉ុងហ្គាសបន្តិចបន្តួច១លើក ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សទេ។ ក្រៅពីការអប់រំដល់អាជីករតាមតូបលក់ទំនិញ កម្លាំងនគរបាលក៏បានចុះទៅពិនិត្យ តាមយានដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ស្ថានីយប្រេង គ្លីនិក និងឱសថស្ថានជាច្រើនកន្លែងផងដែរ។
សូមជំរាបថា បុណ្យសមុទ្រ នឹងត្រូវប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណី» ហើយក៏មានការអញ្ជើញចូលរួមបើកជាផ្លូវការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ៕