(ត្បូងឃ្មុំ)៖ បង្កាន់ដៃអាងស្តុបទឹក (ទន្លេសិប្បនិមិ្មត) នៅទីរួមខេត្តត្បូងឃ្មុំ ជាសម្បត្តិរដ្ឋ ដែលត្រូវជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពលួចកាត់ កាលពីកំឡុងខែតុលា ឆ្នាំ២០១៨នោះ ពេលនេះត្រូវនគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនមុខសញ្ញាអ្នកទទួលផលចោរកម្ម នឹងបានចាប់បញ្ជូនទៅតុលាការ។
យោងតាមអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២៖០០នាទី កម្លាំងប្រជាការពារបានផ្ដល់ព័ត៌មាន មកកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំថា នៅគេហដ្ឋានរបស់ឈ្មោះ វន ចន្ធី ហៅធី ភេទប្រុស អាយុ៤៧ឆ្នាំ ប្រកបរបរទិញអេតចាយ នៅភូមិស្បែក ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានការលួចលាក់ទុកដែក បំពង់ទឹបសំណរប៉ាហាំង ដែលសង្ស័យជាបង្កាន់ដៃ អាងស្តុបទឹកតាវ៉ាន់ (ទន្លេសិប្បនិមិ្មត) នៅទីរួមខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលចោរលួចកាត់ កាលពីយប់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ជាបន្តបន្ទាប់ដោយមានការចង្អុលបង្ហាយ ពីឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការសុំគោលការណ៍ឯកភាពពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ តំណាងព្រះរាជអាជ្ញា ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចុះឆែកឆេរគេហដ្ឋាន គួរឲ្យសង្ស័យរបស់ឈ្មោះ វន ចន្ធី នៅចំណុចខាងលើ។
ខណៈពេលសមត្ថកិច្ច បានចុះត្រួតពិនិត្យឆែកឆេរ រកឃើញមានលាក់ទុក៖ បង្គោលបង្កាន់ដៃអាងស្តុបទឹកតាវ៉ាន់ ដែលមានបង្គោលបង្កាន់ដៃ សរុបទាំងអស់ចំនួន ១១៣បង្គោល ក្នុងនោះដែកបំពង់ទឹបសំណរប៉ាហាំង (galvanized) បង្កាន់ដៃមានចំនួន ៨៤ និងដែកបង្កោលជើងអក្ស H សំណរប៉ាហាំង (galvannized)ចំនួន ២៩ជើង (សរុបប្រវែងជាង១០០ម៉ែត្រ)។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ វន ចន្ធី រួមទាំងវត្ថុតាង យកមកសាងសំណុំរឿង ចប់សព្វគ្រប់តាមនីតិវិធី រួចបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ។ រីឯវត្ថុតាងបង្គោលបង្កាន់ដៃ សរុបទាំងអស់ចំនួន ១១៣បង្គោល ប្រវែងប្រហែលជាង១០០ម៉ែត្រ ត្រូវបានប្រគល់ជូនលោក ធី ស្រស់ ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិករដ្ឋបាលតំណាងឲ្យក្រុមហ៊ុន លី ឈួង រក្សាទុកគ្រប់គ្រងបណ្ដោះអាសន្ន និងប្រគល់ជូនស្ថាប័ន មានសមត្ថកិច្ចវិញពេលមានសំណូមពរ។
គួររម្លឹកផងដែរថា៖ បង្កាន់ដៃអាងស្តុបទឹក (ទន្លេសិប្បនិមិ្មត) នៅទីរួមខេត្តត្បូងឃ្មុំ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពលួចកាត់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ប្រវែងប្រមាណជាង ១០០ម៉ែត្រ។
បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញរបងបង្កាន់ដៃដែកនេះ បាត់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ រួចរាយការណ៍សមត្ថកិច្ចនគរបាល ហើយនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូឃ្មុំ បានបើកកិច្ចប្រតិបត្តការស្រាវជ្រាវ មុខសញ្ញាសង្ស័យ ដែលប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិរដ្ឋនេះ រហូតដល់ រកឃើញនូវមុខសញ្ញា អ្នកទទួលផលចោរកម្មតែម្តង៕