(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធីសន្និសីទស្រាវជ្រាវថ្នាក់តំបន់លើកទី២ ស្តីពី «ដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ» ក្រោមអធិបតីលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។
សន្និសីទនេះ មានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ និងមានអ្នកស្រាវជ្រាវ បណ្ឌិត សាស្ត្រាចារ្យ មកពីបណ្ដាប្រទេសចំនួន៥ចូលរួម ដែលក្នុងនោះរួមមាន បារាំង ជប៉ុន វៀតណាម ភូមា និងកម្ពុជា។ សន្និសីទនេះ ក៏មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង និស្សិតមកពីវិទ្យាស្ថានជាតិ និបទីក (NIPTICT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន បើកទូលាយផងដែរ។
លោកបណ្ឌិត កាន ច័ន្ទមេត្តា បានលើកឡើងថា ទាក់ទងនឹងការប្រើប្រាស់ភាសាខ្មែរ ក្នុងប្រព័ន្ធកុំព្យូទ័រ កម្ពុជាត្រូវធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ច្រើនទៀត ដើម្បីបង្កើតជាកម្មវិធីផ្សេងៗ ជួយសម្រួលដល់ការ សរសេររបាយការណ៍ ការងារការិយាល័យ ដ៏ដូចជាការទំនាក់ទំនងឲ្យកាន់តែប្រសើរជាងមុន។
លោកថា «ខ្ញុំគិតថាសន្និសីទស្រាវជ្រាវនេះ គឺជាវេទិកាថ្នាក់តំបន់ ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវ បានចែករំលែកបទពិសោធន៍ បង្ហាញពីនវានុវត្តន៍ និងសមិទ្ធិផលថ្មីៗ ដែលកើតចេញពីការ ស្រាវជ្រាវរបស់ពួកគាត់ ទាក់ទងនឹងការធ្វើឲ្យប្រសើរឡើងការប្រើប្រាស់ភាសាខ្មែរ ក៏ដូចជាភាសានៃប្រទេសអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ»។
លោកបណ្ឌិត បានបន្ថែមថា ការចូលរួមយ៉ាងផុលផុសពីសំណាក់វាគ្មិន ជាអ្នកជំនាញឯកទេស និងអ្នកចូលរួមទាំងក្នុងស្រុក និងក្នុងតំបន់ បានបង្ហាញអំពីការវិវត្តន៍ជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងគួរជាទីទុកចិត្តរវាងតួអង្គពាក់ព័ន្ធ ជាពិសេសក្រសួង គ្រឹះស្ថានអប់រំ និងវិស័យឯកជន ក្នុងជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យ ICT ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិនិបទីក បានរំលឹកថា «វិទ្យាស្ថានជាតិនិបទីក បានរៀបចំសន្និសីទស្រាវជ្រាវប្រចាំឆ្នាំ ស្តីអំពីដំណើរការភាសាខ្មែរ ក្នុងប្រព័ន្ធកុំព្យូទ័រ បាន៤លើករួចមកហើយ ចាប់តាំងពី ឆ្នាំ២០១៤មក។ ប៉ុន្តែចាប់ពីឆ្នាំ២០១៧ វិទ្យាស្ថានជាតិនិបទីក បានពង្រីកវិសាលភាព នៃសន្និសីទស្រាវជ្រាវពីថ្នាក់ជាតិ មកថ្នាក់តំបន់ ដើម្បីបើកទូលាយជាងមុន លើប្រធានបទស្រាវជ្រាវ និងមានការចូលរួមពីសំណាក់ អ្នកស្រាវជ្រាវ បណ្ឌិត សាស្ត្រាចារ្យ មកពីបណ្តាប្រទេសនានាក្នុងតំបន់ រួមទាំងអាស៊ី និងអឺរ៉ុប ជាមួយនិងលទ្ធផលស្រាវជ្រាវល្អៗជាងមុន និងច្រើនជាងមុនផងដែរ។
លោកបណ្ឌិត បានបន្ដទៀតថា «ដូចដែលយើងបានដឹងរួចមកហើយថា ការស្រាវជ្រាវ គឺជាការងារស្នូលរបស់គ្រឹះស្ថានអប់រំឧត្តមសិក្សា ក្នុងការពង្រឹងគុណភាពអប់រំ និងសមត្ថភាពសាស្រា្តចារ្យ ដែលជាផ្នែកមួយដ៏សំខាន់ សំរាប់បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាពរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ»។
លោកបណ្ឌិត សំ សិទ្ធិសេរី អនុប្រធានវិទ្យាស្ថានជាតិ និបទីក (NIPTICT) និងជាតំណាងគណៈកម្មការរៀបចំសន្និសីទនេះ បានលើកឡើងថា «យើងបានដឹងហើយថា ភាសាគឺជាយាន្ត ក្នុងការទំនាក់ទំនងគ្នា ហេតុនេះ យើងពិតជាមានមោទនភាព ដែលបានរៀបចំឲ្យមានសន្និសីទថ្នាក់តំបន់ ស្តីពីដំណើរការភាសាអាស៊ាន ក្នុងប្រព័ន្ធកុំព្យូទ័រនេះឡើង។
សូមជម្រាបថា គោលបំណងសំខាន់នៅក្នុងសន្និសីទនេះ រួមមាន៖
ទី១៖ បង្កើនកាស្រាវជ្រាវទៅលើភាសា ក្នុងតំបន់អាស៊ាន ដែលជួយដល់ប្រជាជនទទួលបានព័ត៌មានកាន់តែច្រើន និងធ្វើឲ្យការទំនាក់ទំនងកាន់តែប្រសើរ ជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចតំបន់ ឲ្យកាន់តែរីកចំរើន។
ទី២៖ បង្កើនបណ្ដាញអ្នកស្រាវជ្រាវផ្នែកភាសា ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រាវជ្រាវកម្ពុជា ជាមួយអ្នកស្រាវជ្រាវថ្នាក់តំបន់ និង អន្តរជាតិផងដែរ។
សន្និសីទនេះ ផ្តល់លទ្ធផលមួយចំនួន ដែលគួរឲ្យគត់សំគាល់ដូចជា៖ ការចូលរួមចែករំលែកបទពិសោធន៍ ពីអ្នកអ្នកជំនាញផ្នែកស្រាវជ្រាវល្បីៗចំនួន ០២ប្រធានបទ ការធ្វើបទបង្ហាញលើឯកសារស្រាវជ្រាវចំនួន ០៨ (មកពី៥ប្រទេសផ្សេងគ្នា) ទាក់ទងនឹងការធ្វើឲ្យប្រសើរឡើង នូវដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ៕