(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារតែសុខសន្តិភាព និងស្ថិរភាពនយោបាយ មានសាមគ្គីភាពផ្ទៃក្នុង ទើបរយៈពេលជិត៤០ឆ្នាំមកនេះ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយវិស័យព្រះពុទ្ធសាសនា ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឃដ្ឋាន និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកសាងសន្តិភាព ឯកភាពជាតិ និងសុខដុមនីយកម្ម។
ការលើកឡើងរបស់លោក វ៉ី សំណាង បានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់ បណ្តោយ៤០ម៉ែត្រ ទទឹង៩ម៉ែត្រ នៅវត្តកល្បព្រឹក្ស ហៅវត្តជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះដែរលោកបានថ្លែងថា ដើម្បីរក្សាស្ថានភាពបែបនេះ ឱ្យស្ថិតស្ថេរបាន គឺត្រូវចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពឲ្យបានជានិរន្ត ហើយមួយទៀត គឺត្រូវបន្តរួបរួមគ្នា និងសាមគ្គីភាពគ្នា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ព្រោះកាលណាអាណាចក្ររីកចម្រើន ពុទ្ធចក្រក៏រីកចម្រើនស្របគ្នាផងដែរ។
លោក វ៉ី សំណាង បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យរីកដុះដាល ដូចផ្សឹត ហើយរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ កំណែទម្រង់គ្រប់ស្ថាប័នជាតិ ដោយឡែកចំពោះវិស័យសាសនា ក៏ត្រូវបានយកចិត្តយ៉ាងចាំបាច់ ដើម្បីធ្វើឱ្យពលរដ្ឋមានជំនឿមកលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ។
លោកអភិបាលខេត្តបន្តថា សាសនា និងទីអារាមជាកន្លែងគោរពបូជា៖ អប់រំ តម្រង់ចិត្ត សង្រួមកាយវាចារ ជាកន្លែងធ្វើឱ្យចិត្តស្ងប់ ជ្រះថ្លា ជម្រុញឲ្យមនុស្សយើងដើរលើផ្លូវល្អ ផ្លូវត្រូវ សាងតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពគ្នា កត្តានេះញាំងឱ្យមនុស្សស្រឡាញ់រាប់អាន គ្នាគោរពបុណ្យបាប មានសន្តិភាពផ្លូវចិត្ត និងជំរុញឱ្យបុគ្គលជាមនុស្ស ធ្វើអំពើល្អអស់មួយជីវិត។
ព្រះពុទ្ធសាសនាមានអាយុកាល២,៥៦១ឆ្នាំក៏ពិតមែន តែសម្រាប់កម្ពុជាអាចនិយាយបានថា ទើបតែកើតមានឡើងជាលើកទី២ ក្រោយឆ្នាំ១៩៧៩ ប៉ុណ្ណោះ ព្រោះក្នុងសម័យ ប៉ុល ពត បានរំលាយនៅហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម គម្ពីរក្បួនច្បាប់ផ្សេងៗទាំងអស់ស្ទើរគ្មានសល់។ បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នោះទេ ក៏គ្មានការរីកចម្រើនដូចបច្ចុប្បន្ននេះដែរ។ ហេតុដែលនាំឲ្យកើតឡើងរបបឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានគឺដោយសារតែការប្តូរពី របបមួយទៅរបបមួយដោយមិនបានគិតឱ្យបានគ្រប់ជ្រុងជ្រោយ នាំឱ្យកើតមានសង្គ្រាមនោះឡើង។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានវត្តអារាមទូទាំងប្រទេសជាង ៤,០០០វត្ត និងមានព្រះសង្ឃជិត៧ម៉ឺនអង្គ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន១៤៩វត្ត និងព្រះសង្ឃចំនួន ៨,១៤៩អង្គ៕