Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ឆ្នាំង៖ តារាងបាល់ទាត់មុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់ តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗតែប៉ុណ្ណោះ, ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេង

14-12-2018 12:16

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា តារាងបាត់ទាល់មុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់ តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងរវាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជុំវិញរឿងតារាងបាល់ មុខសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

ជាលទ្ធផលកិច្ចប្រជុំបានឯកភាព២ចំណុច រួមមាន៖

ទី១៖ តារាងបាត់ទាល់មុខសាលាខេត្តកំពង់ឆ្នាំង អនុញ្ញាតឲ្យប្រើប្រាស់ តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ។ ដោយឡែក ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេងមួយទៀត។

ទី២៖ តារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង នឹងត្រូវដាក់សំណាញ់ព័ទ្ធជុំវិញ ដើម្បីការពារ កុំឲ្យបាល់ចេញក្រៅ បង្កគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។

សូមជំរាបថា កាលពីថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹង ប្រកាសបិទកីឡដ្ឋានខេត្តកំពង់ឆ្នាំង។ ការប្រកាសបិទកីឡដ្ឋានខេត្តកំពង់ឆ្នាំង មិនឲ្យមានសកម្មភាពបាល់ទាត់ផ្សេងៗ ដោយសំអាងលើហេតុផល ២យ៉ាង៖ ទី១៖ ដើម្បីបង្ការ និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងទី២៖ ចៀសវាងការរំខានដល់អង្គភាពនៅជុំវិញកីឡដ្ឋាន ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។ ប៉ុន្ដែការសម្រេចនេះ មិនទទួលបានការគាំទ្រពីមហាជននោះទេ។

ភ្លាមៗនេះ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានបង្កើតគណៈកម្មការ ដើម្បីចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាទីលាន នៃកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ឆ្នាំង​ ក្រោយត្រូវរដ្ឋបាលខេត្ត ប្រកាសបញ្ឈប់មិនឲ្យមានការប្រកួតបាល់ទាត់ ឬការហ្វឹកហាត់ ឬការលេងកម្សាន្ដ ដើម្បីសុខភាពជាដើម៕