(ភ្នំពេញ)៖ លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ និងតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា អង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា (VIC) បានដំណើរការអស់រយៈពេល៣០ឆ្នាំនៅកម្ពុជា ក្នុងវិស័យស្តារលទ្ធភាពពលកម្មកាយសម្បទាជនពិការ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ដោយទទួលបានថវិកាឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ព្រមទាំងជំនួយផ្សេងៗ ដោយក្នុងនោះ អង្គការ បានសហការយ៉ាងល្អជាមួយ អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាមូលនិធិជនពិការជាដើម។
លោក ហាច ហ៊ាន បានបន្ថែមថា ដោយការខិតខំប្រឹងប្រែង និងការអនុវត្តការងារមនុស្សធម៌របស់អង្គការ VIC តាមរយៈការជ្រោមជ្រែងទាំងថវិកា និងបច្ចេកទេស ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង៣ នៅគៀនឃ្លាំង នៅព្រៃវែង និងខេត្តក្រចេះ សម្រាប់ជាប្រយោជន៍ដល់ជនពិការនៅកម្ពុជា ដោយឥតនឿយហត់ យើងមើលឃើញពីការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនសម្រាប់ជនពិការកម្ពុជា ក៏ដូចជាសង្គមកម្ពុជាទាំងមូល។
ការលើកឡើងរបស់លោក ហាច ហ៊ាន បានធ្វើឡើងនៅក្នុងពិធីប្រកាសជាផ្លូវការស្តីពីការផ្ទេរប្រគល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងបី គៀនឃ្លាំង ព្រៃវែង និងក្រចេះ ជូនមូលនិធិជនពិការគ្រប់គ្រងទាំងស្រុង ដែលរៀបចំធ្វើនៅថ្ងៃទូ១៤ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលមូលនិធិជនពិការ។
ជាមួយគ្នានោះ លោក ហាច ហ៊ាន តាងនាមលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច សូមថ្លែងអំណរគុណដល់ អង្គការ VIC គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ អង្គការជនពិការអន្តរជាតិ និងអង្គការ Exceed worldwide ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID និង DEFAT Program អាជ្ញាធរដែនដី និងអង្គការដៃគូពាក់ព័ន្ធដទៃទៀត ដែលកន្លងមក និងបច្ចុប្បន្ន បានជួយឧបត្ថម្ភគាំទ្រ ដល់វិស័យស្តារលទ្ធភាពពលកម្មនៅកម្ពុជា ដែលធ្វើឲ្យជនពិការ ទទួលបានការលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនការអនុវត្តសិទ្ធិចូលរួមរបស់ជនពិការក្នុងសកម្មភាពសង្គម។
លោកស្រី Veena Reddy នាយិកាបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID បានលើកឡើងថា ប្រជាជនកម្ពុជា បានទទួលអត្ថប្រយោជន៍ជាច្រើនពីមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅគៀនឃ្លាំង នៅព្រៃវែង និងនៅក្រចេះ ដែលកើតចេញពីការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូនានា ក្នុងការជួយដោះស្រាយបញ្ហាប្រឈម ដែលជនមានពិការភាព បានជួបប្រទះ។
លោកស្រី Veena Reddy បានបញ្ជាក់ថា សម្រាប់ USAID នឹងនៅតែបន្តការងារជួយដល់កម្ពុជា យូរអង្វែងទៀត រហូតដល់វិស័យពិការភាពនៅកម្ពុជា មានភាពប្រសើរឡើង និងមានការទទួលស្គាល់ពីសាធារណជនកាន់តែទូលំទូលាយជាងមុន។
លោក កែវ រិទ្ធី នាយកប្រតិបត្តិ អង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា VIC បានលើកឡើងថា អង្គការ VIC បានបង្កើតឡើង និងសាងសង់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅគៀនឃ្លាំង នៅឆ្នាំ១៩៩២ នៅខេត្តព្រៃវែង ១៩៩៥ និងនៅខេត្តក្រចេះ ក្នុងឆ្នាំ២០០០។ មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង៣ ដែលអង្គការបានបង្កើតឡើង និងកំពុងគាំទ្រ បានផ្តល់ជូននូវសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាពលកម្ម ទាំងក្នុងមជ្ឈមណ្ឌលស្តារ និងសហគមន៍ផងដែរ។
លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានឲ្យដឹងថា បច្ចុប្បន្នមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន១១ និងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា ចំនួន០៣មជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង និងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងរណប បានបង្កើតឡើងក្នុងទស្សវត្សទី៩០ មកដល់ពេលនេះ មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងនោះ បានបន្តផ្តល់ដល់ជនរងគ្រោះមួយចំនួនដែលនាំឲ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរុំារ៉ៃ និងមូលហេតុផ្សេងៗ ដែលក្នុង១ឆ្នាំៗ បានផ្តល់សេវាប្រហែល២៨០០០នាក់។ ក្រៅពីនោះ ក៏មានការផ្តល់សេវាតាមហគមន៍ ដូចជាការជួសជុលចល័ត ការផ្តល់ និងការតាមដានការប្រើប្រាស់ឧបករណ៍ជំនួយ ការផ្សព្វផ្សាយពីសេវាកម្ម ការលើកកម្ពស់ការយល់ដឹងពីពិការភាព និងកាត់បន្ថយការើសអើង ការទុកទុនសម្រាប់មុខរបរ ការបញ្ចូនទៅរកសេវាផ្សេងៗទៀត និងការផ្តល់អាហាររូបករណ៍ និងសម្ភារសិក្សាជាដើម៕