(ភ្នំពេញ)៖ ពិធីធ្វើបទបង្ហាញស្តីពី ការបញ្ចប់លទ្ធផលសិក្សា នៃការអភិវឌ្ឍន៌ផែនការផលិតភាពជាតិសម្រាប់កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
បន្ទាប់ពីលោក ហេង អៀង ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឡើងមានប្រសាសន៍ស្វាគមន៍ និងចំណាប់អារម្មណ៍ពីលោកបណ្ឌិត Santhi Kanoktannaporn អគ្គលេខាធិការនៃអង្គការផលិតភាពអាស៊ី (APO) ព្រមទាំងការស្តាប់បទបង្ហាញស្តីពីលទ្ធផលការអភិវឌ្ឍន៌ផែនការផលិតភាពជាតិដោយលោក បណ្ឌិត Woon Kin Chung ជំនាញការអង្គការផលិតភាពជាតិអាស៊ីមកពីប្រទេសសឹង្ហបុរី រួចមក លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សា ការអភិវឌ្ឍន៌ផែនការផលិតភាពជាតិ សម្រាប់កម្ពុជា ដែលសហការធ្វើឡើងដោយអង្គការផលិតភាពអាស៊ី (APO) ដោយប្រើរយៈពេលពីរឆ្នាំ។ ការបញ្ចប់ការសិក្សានេះ យើងចាត់ទុកជាឯកសារដំបូងទី បន្ទាប់មកនឹងយកទៅពិភាក្សាបន្តទៀតនៅក្នុងគណៈកម្មការផលិតភាពកម្ពុជា ដែលមានស្ថាប័នពាក់ព័ន្ធជាច្រើននៅក្នុងនោះ មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្រ្តីពិភាក្សា និងអនុម័ត ហើយនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២០ដល់ ២០៣០ ។
លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់បន្ថែមថា ពេលសម្រេចរួចរាល់ឯកសារនេះ នឹងក្លាយជាប្លង់មេដ៏សំខាន់ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចាប់ផ្តើមធ្វើឲ្យមានសង្គតិភាពរវាងការអនុវត្តដោយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនផលិតភាពលើគ្រប់វិស័យ ដែលធ្វើឲ្យកម្ពុជាទទួលបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់លើទីផ្សារ ទាំងពលកម្មជំនាញ និងផលិតភាពក្នុងសហគ្រាស ក្នុងគោលបំណងឈានទៅសម្រេចបានតាមគោលដៅ ដាក់ចេញរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ ឲ្យកម្ពុជាក្លាយពីប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់។
បន្ទាប់មកលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានទទួលសៀវភៅផែនការមេស្តីពីលទ្ធផលការអភិវឌ្ឍន៌ផែនការផលិតភាពជាតិ ពីលោកបណ្ឌិត Santhi Kanoktannaporn អគ្គលេខាធិការនៃអង្គការផលិតភាពអាស៊ី (APO) ទុកជាឯកសារគោលប្រើប្រាស់នៅកម្ពុជា៕