(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មិនអាចកាត់ផ្ដាច់ពីការអភិវឌ្ឍធនធានមនុស្ស លើវិស័យសុខភិបាលនោះទេ រីឯធនធានមនុស្សអាចរីកចម្រើនទៅបាន ក៏អាស្រ័យដោយសេវាសុខាភិបាលពេញលេញ និងគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព នៅទូទាំងប្រទេស។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោកសាស្ដ្រាចារ្យ ធា គ្រុយ អញ្ជើញចូលរួមក្នុងពិធីសន្និសីទវេជ្ជសាស្ដ្រ អន្ដរជាតិ លើកទី៥ (International Medical Conference V) និងពិធីគម្រប់ខួប១៦ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្ដរជាតិ ដែលរៀបចំធ្វើឡើង នៅសាកលវិទ្យាល័យអន្ដរជាតិ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

ក្នុងពិធីនោះ លោកសាស្ដ្រាចារ្យ ធា គ្រុយ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលយល់យ៉ាងច្បាស់ថា ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គឺមិនអាចកាត់ផ្ដាច់ពីការអភិវឌ្ឍធនធានមនុស្ស លើវិស័យសុខភិបាលនោះទេ។ រីឯធនធានមនុស្សអាចរីកចម្រើនទៅបាន ក៏អាស្រ័យដោយសេវាសុខាភិបាលពេញលេញ និងគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព នៅទូទាំងប្រទេស»

រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ បានបន្ថែមទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ដ្រពង្រឹង ពង្រីក និងកែលំអរសេវាសុខាភិបាល ដែលត្រូវបានចែងយ៉ាងលំអិត នៅក្នុងយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល។

លោកសាស្ដ្រាចារ្យ ធា គ្រុយ បានលើកឡើងផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជា បានឆ្លងចូលដំណាក់កាលមួយថ្មីទៀត នៃការអភិវឌ្ឍវិស័យសុខាភិបាល ដែលផ្ដោតលើការពង្រឹងមូលដ្ឋានសុខាភិបាល និងគុណភាពសិក្សាក្នុងក្របខណ្ឌ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិមួយ ដែលមានលក្ខណៈជាប្រព័ន្ធ និងទូលំទូលាយ។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ បានថ្លែងថា «ក្នុងឋានៈខ្ញុំជាជនជាតិខ្មែរមួយរូប គ្មានអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត ជាងការដែលឃើញភាពរីកដុះដាល នៃវិស័យសុខាភិបាលនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះទេ ថ្វីបើប្រទេសជាតិយើង នៅមានសេសសល់បញ្ហាប្រឈមមុខទៀតក៏ដោយ»។

លោកសាស្ដ្រាចារ្យ ធា គ្រុយ បានបន្ដទៀតថា ក៏ប៉ុន្ដែទោះបីយ៉ាងណា យើងបានធ្វើឲ្យប្រទេសមានវឌ្ឍនភាពជាច្រើន ឥតគណនាលើវិស័យសុខាភិបាល ដែលក្នុងនោះ រួមទាំងវឌ្ឍនភាព នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ឧត្ដមសិក្សាវិស័យសុខាភិបាល ដែលជាគោលនយោបាយ ដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល។

ជាពិសេសការពង្រឹងកាលានុវត្ដភាព ជូនប្រជាពលរដ្ឋទូទៅ ក្នុងការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ ការកសាងស្ថាប័ន ការពង្រឹងសិទ្ធសេរីភាព និងសេចក្ដីថ្លៃថ្នូរបស់មនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យផងដែរ។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកសាស្ដ្រាចារ្យ ធា គ្រុយ៕