(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៨នេះ Pepsi បានរៀបចំកម្មវិធី «Pepsi Generations» ដើម្បីអបអរសាទរភាពរីកចម្រើន និងភាពជោគជ័យរបស់ភេសជ្ជៈ Pepsi ដែលមានការគាំទ្រពីអតិថិជន នៅជុំវិញពិភពលោក រយៈពេលប្រមាណ១២០ឆ្នាំកន្លងមក។
Pepsi Generations បានធ្វើឡើងក្នុងប្រទេសជាង៦០ នៅលើពិភពលោក ហើយកម្ពុជា ក៏មានការចូលរួមក្នុងកម្មវិធីនេះផងដែរ។ Pepsi បាននាំមកនូវការរចនាកំប៉ុង៦ជំនាន់ ផ្សេងៗ រួមមាន៖ ១៩៤០, ១៩៥០, ១៩៦០, ១៩៨០, ២០០០ និង ២០១៨ ដែលជាការរចនាយ៉ាងពិសេស និងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។
រោងចក្រ Pepsi នៅកម្ពុជា បានបើកដំបូង នៅដើមទសវត្សឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម។ ពេលនោះ Pepsi ប្រទេសថៃ បានដាក់ទុនជាមួយក្រុមហ៊ុន ក្នុងស្រុកមួយ ដោយបានសាងសង់រោងចក្រ នៅក្នុងខេត្តបាត់ដំបង ដើម្បីផលិតលក់ក្នុងស្រុក និងនាំចេញសម្រាប់យក ទៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសថៃ។ នៅឆ្នាំ១៩៧៥ ក្រោមរបបខ្មែរក្រហម រោងចក្រ Pepsi បានផ្អាកដំណើរការ។
ក្រោយមកទៀត រោងចក្រ Pepsi បានក្លាយទៅជាទីតាំងទេសចរណ៍ មុនពេលដែលវាត្រូវបានអភិវឌ្ឍ ទៅជារោងចក្រផលិតទឹកស្អាត ក្នុងខេត្តបាត់ដំបង។
បច្ចុប្បន្ន ភេសជ្ជៈ Pepsi ត្រូវបានផលិតឡើង ដោយរោងចក្រធំបំផុត ក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងប្រភពទឹកស្អាត សាកសមផលិតភេសជ្ជៈបំផុត ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ដែលនេះជាមូលហេតុធ្វើឲ្យ Pepsi រីកចម្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ៕