(ភ្នំពេញ)៖ លោក សេង ប្ញទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុគ្គលឈ្មោះ រ៉ាត់ រដ្ឋមុនី ដែលជាទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ីធូដេ (RT) ហើយបន្ទាប់ពីសមត្ថកិច្ចថៃចាប់ខ្លួន រួចបានបញ្ជូនមកឱ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលជាទម្រង់ នៃការផ្សាយព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱនកិត្តិយសប្រទេសកម្ពុជា។

លោក សេង ប្ញទ្ធី បានសម្រេចបង្គាប់ឱ្យយកជនត្រូវចោទរូបនេះ ទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោស នៅពេលក្រោយតាមកំណត់ច្បាប់។

សូមបញ្ជាក់ថា នគរបាលក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែធ្នូ បានបញ្ជូនប្រធានសហជីពកម្មករសំណង់ម្នាក់ ដែលគេស្គាល់ថា មានមូលដ្ឋាននៅប្រទេសថៃ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលដំណើររឿងនោះ ជាការមិនពិត។

ពាក់ព័ន្ធនឹងបញ្ហានេះបើតាមអ្នកស្រី ឡុង គីមហ៊ាង ត្រូវជាភរិយារបស់លោក រ៉ាត់ រដ្ឋមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រដ្ឋមុនី ជាភ្នាក់ងារសារព័ត៌មាន រុស្ស៊ី ធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូនមកឱ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំ ហើយការចាប់ខ្លួនប្តីអ្នកស្រី គឺពាក់ព័ន្ធនឹងការផលិតវីឌីអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មាន រុស្ស៊ី ធូដេ (RT)។

សូមបញ្ជាក់ថា ខ្សែរវីដេអូ ដែលមានខ្លឹមសារ «ម្តាយខ្ញុំលក់ខ្ញុំ» បាននិយាយពីស្ត្រីខ្មែរ ដែលលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។ ខ្សែរវីដេអូនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល យល់ឃើញថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា៕ ព័ត៌មានលម្អិតសូមអាន