(អន្លង់វែង, ឧត្តរមានជ័យ)៖ ដូចដែលប្រជាពលរដ្ឋខ្មែរបានដឹងយ៉ាងច្បាស់ថា របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានលុបចោលនូវជំនឿសាសនា ការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាផងដែរ។ ជំនឿ និងការគោរពប្រណិប័តន៍សាសនាត្រូវបានរស់ឡើងជាថ្មីក្រោយរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ។
បើទោះបីរបបដ៏ឃោរឃៅនេះត្រូវបានវាយឲ្យខ្ចាត់ខ្ចាយ ប៉ុន្តែដែនដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានបន្តគ្រប់គ្រងដោយមេដឹកនាំខ្មែរក្រហមដដែល។ ទឹកដីស្រុកអន្លង់វែង ជាកន្លែងពួនជ្រកចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម សិទ្ធិសេរីភាពលើជំនឿសាសនា និងការគោរពប្រណិប័តន៍លើព្រះពុទ្ធសាសនា ត្រូវបានអូសបន្លាយរហូតដល់ចុងឆ្នាំ១៩៩៨ ទើបត្រូវបានរំដោះទាំងស្រុងក្រោយមេដឹកនាំខ្មែរក្រហមចុះចូលជាមួយរាជរដ្ឋាភិបាល។
ព្រះគ្រូតិស្សទេវោ ផាន ស៊ីណាវ ព្រះអនុគណស្រុកអន្លង់វែង និងជាចៅអធិការវត្តអន្លង់វែង បានមានសង្ឃដីកាប្រាប់ Fresh News ថា ទីអារាមក្នុងស្រុកអន្លង់វែង ត្រូវបានបង្កើតឡើងជាថ្មីនៅពាក់កណ្តាលឆ្នាំ១៩៩៩។ ព្រះតេជគុណ ផាន សីណាវ បានមានសង្ឃដីកាបញ្ជាក់យ៉ាងដូច្នេះ «អំឡុងឆ្នាំ៩៨ ទីនេះមិនទាន់មានព្រះពុទ្ធសាសនានៅឡើយទេ។ ឈានចូលដល់ឆ្នាំ១៩៩៩ ពាក់កណ្តាលឆ្នាំ១៩៩៩ គឺទីនេះចលនាអំពីប្រជាពលរដ្ឋនៅតាមបណ្តាភូមិស្រុកទាំងអស់ សហការជាមួយអាជ្ញាធរដែនដី បានព្រមព្រៀងមូលមតិគ្នាថា យើងពីមុនមកជាកូនចៅអ្នកថែរក្សាពូជពង្សព្រះពុទ្ធសាសនាតាំងពីដូនតាមក បើយើងមិនបន្តថែរក្សាព្រះពុទ្ធសាសនាទេ ព្រះពុទ្ធសាសនានឹងសាបសូន្យ។ អ៊ីចឹងពួកគាត់ទាំងអស់គ្នា ក៏បានស្រុះស្រួលគ្នាបង្កើតទីអារាមឡើង។ ទីអារាមទី១ ក្នុងឆ្នាំ១៩៩៩ ស្ថិតក្នុងឃុំថ្លាត ស្ថិតក្នុងស្រុកអន្លង់វែង ដែលមានឈ្មោះថា ជ័យរុក្ខារាមថ្លាត។ វត្តបន្ទាប់គឺវត្តធម្មរាមស្រះឈូក ដែលជាវត្តកើតនៅចុងឆ្នាំ១៩៩៩ ហើយបានដល់វត្តជ័យទឹកជុំអន្លង់វែងនេះ នៅដើមឆ្នាំ២០០០»។
ដោយសារតែដែនដីស្រុកអន្លង់វែង ត្រូវបានគ្រប់គ្រងដោយរបបខ្មែរក្រហម ដែលលុបបំបាត់ទាំងស្រុងលើការគោរពប្រណិប័តន៍ជំនឿសាសនានោះ ដូច្នេះការបង្កើតឡើងជាថ្មីនូវទីអារាមក៏មិនមែនជារឿងងាយស្រួលនោះដែរ។ នេះបើតាមការបញ្ជាក់របស់ព្រះចៅអធិការវត្តអន្លង់វែង។ ព្រះចៅអធិការវត្តអន្លង់វែងមានសង្ឃដីកាបញ្ជាក់យ៉ាងដូច្នេះ «ត្រង់ចំណុចនេះជាឧបសគ្គមួយដែរ ព្រោះថា ធម្មតាមនុស្សយើងបើមិនទាន់មានជំនឿងទៅលើអ្វីសោះ យើងប្រមូលផ្តុំធ្វើអ្វីមួយដែលយើងមិនជឿជាក់ទៅលើជំនឿហ្នឹង គឺយើងពីបាកណាស់។ ជាក់ស្តែងដូចការរៀនសូត្ររបស់យើង បើយើងមិនមានជំនឿទុកចិត្តទៅលើចំណេះដឹងយើងសោះ គឺយើងមិនហ៊ានធ្វើលំហាត់។ ការបង្កបង្កើតវត្តនៅក្នុងសម័យនោះ ពិបាកដែរ ដោយសារប្រជាពលរដ្ឋអត់ទាន់យល់អំពីការធ្វើបុណ្យ អត់ទាន់យល់ថា ការធ្វើបុណ្យហ្នឹងបានផលមក គឺសេចក្តីល្អ គឺភាគច្រើនគាត់អត់ទាន់យល់ អ្នកដែលយល់គឺមួយចំនួនតូច មួយភាគតូច។ សម័យនោះការកសាងវត្តអត់មានអ្វីទេ គឺកើតឡើងដោយការសាមគ្គីគ្នា ដោយមិនមានការចំណាយថវិកា យកឈើមកធ្វើជាកុដិ សាលា សម្រាប់ព្រះសង្ឃគង់នៅ»។
ក្រោយការជំរុញរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដោយមានការគាំទ្រពីអាជ្ញាធរ ជាពិសេសលោកទេសរដ្ឋមន្ត្រី គន់ គីម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអន្លង់វែងនោះ វិស័យព្រះពុទ្ធសាសនានៅលើដែនដីស្រុកអន្លង់វែង ក៏មានការរីកចម្រើន ប្រជាពលរដ្ឋក៏មានជំនឿកាន់តែមុតមាំជាមួយព្រះពុទ្ធសាសនាផងដែរ។ បច្ចុប្បន្ននៅទូទាំងស្រុកអន្លង់វែងមានវត្តចំនួន១៤ គឺបែងចែកជាពីរគណៈ គណៈមហានិកាយមានចំនួន១៣វត្ត គណៈធម្មយុត្តមានចំនួន១វត្ត មានព្រះសង្ឃ ១១៦អង្គ ក្នុងនោះភិក្ខុមាន ៣៧អង្គ។
ព្រះតេជគុណ ផាន ស៊ីណាវ មានសង្ឃដីកាថា «ចាប់តាំងពីការបង្កបង្កើតវត្តដំបូដរហូតមកដល់បច្ចុប្បន្ន មានភាពរីកចម្រើនច្រើន។ កន្លែងខ្លះមិនធ្លាប់មានវត្ត ក៏មានវត្តកើតឡើង ហើយវត្តខ្លះពីមុនធ្លាប់តែលំបាក ក៏បានរីកចម្រើន។ ជាក់ស្តែងវត្តជ័យទឹកជុំតែម្តង ដំបូងឡើយមិនទាន់មានសមិទ្ធផលអ៊ីចឹងទេនៅកូនសាឡុំឈើតូចមួយសម្រាប់ព្រះសង្ឃធ្វើនូវកម្មផ្សេងៗ ឧប៉ោសុទ្ធកម្មជាដើម។ មកដល់សម័យយើងបច្ចុប្បន្ននេះ ឃើញថា សមិទ្ធផលមានការរីកចម្រើនច្រើន ដូចជាព្រះវិហារដ៏ស្កឹមស្កៃជាដើម ដែលនេះជាអំណោយរបស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ»។
ព្រះអង្គបានបន្ថែមថា «មកដល់ពេលនេះឃើញថា ការជឿជាក់ក្នុងព្រះពុទ្ធសាសនាមានការកើនឡើងច្រើន គឺស្មើនឹង៩៩ភាគរយ។ មួយភាគតូចមិនទាន់ជ្រូតជ្រាបពីបញ្ហានេះ ដោយសារគិតទុដ្ឋិនិយម ប៉ុន្តែអាត្មាមានការជឿជាក់ថា ចាត់តាំងពីការកកើតវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះឱវាទព្រះសម្មាសម្ពុទ្ធបានជ្រូតជ្រាបទៅដល់ប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែងច្រើន ព្រោះវត្តអារាមកើតឡើងបានដោយសារសទ្ធារបស់ប្រជាពុទ្ធបរិស័ទ ដោយសារប្រជាពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាច្រើនទើបបណ្តាវត្តនីមួយៗមានការអភិវឌ្ឍច្រើន និងមានការរីកចម្រើនច្រើន»។
ដើម្បីឲ្យប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកអន្លង់វែង មានជំនឿកាន់តែខ្លាំងក្លាមកលើព្រះពុទ្ធសាសនា និងដើម្បីប្រជាពលរដ្ឋដែលធ្លាប់តែឈឺចាប់ដោយសាររបបខ្មែរក្រហមនោះ។ ព្រះចៅអធិការវត្តអន្លង់វែង ព្រះតេជគុណ ផាន ស៊ីណាវ តែងតែបានលើកយកធម៌របស់ព្រះសម្មាសម្ពុទ្ធមកទេសនាអប់រំចិត្តរបស់ពួកគេ។ តាមរយៈការទេសនាអប់រំផ្លូវចិត្តនេះហើយ ធ្វើឲ្យពលរដ្ឋស្រុកអង្លង់វែង មានសទ្ធាកាន់តែជ្រះក្នុងវិស័យព្រះពុទ្ធសាសនា ហើយមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលបន្តលង់ជឿតាមមនោគមន៍វិជ្ជារបស់របបខ្មែរក្រហម ហើយមិនដែលចូលទីអារាមនោះឡើយ។
ព្រះចៅអធិការវត្តមានសង្ឃដីកាបញ្ជាក់បែបនេះ «អាត្មាថាធ្លាប់លើកអំពីធម៌មកពន្យល់ ហើយច្រើនតែលើកអំពីបញ្ហា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មកពន្យល់ញាតិញោមថា សម័យនោះអត់មានសាសនា សម័យនោះបាត់បង់សាសនា ដោយសារអី? ដោយសារតែមេដឹកនាំសម័យនោះមានធម៌៣នៅក្នុងខ្លួន គឺលោភៈ គឺការចង់បានមិនចេះចប់មិនចេះហើយ ទោសៈ ការខឹងក្រោធ មហៈ ការវង្វេងនឹងយសស័ក្តិ វង្វេងនឹងអំណាច។ អ៊ីចឹងហើយមនុស្សឲ្យតែមានធម៌ទាំង៣នេះនៅក្នុងខ្លួន វាធ្វើឲ្យបាត់បង់ទាំងផលប្រយោជន៍ជាតិ បាត់បង់ទាំងវប្បធម៌ខ្មែរ និងសាសនា ដែលយើងធ្លាប់គោរពបូជា។ ហើយបើសម័យបច្ចុប្បន្នយើងធ្វើដូចសម័យនោះទៀត ព្រះពុទ្ធសាសនាខ្មែរយើងក៏សាបសូន្យ វប្បធម៌របស់យើងក៏សាបសូន្យ សង្គមជាតិយើងក៏កាន់តែអាប់ឱនសាបសូន្យដូចគ្នា។ អាត្មាតែងតែបញ្ជ្រាបបញ្ហានេះដល់ប្រជាពលរដ្ឋឲ្យគាត់បានជ្រូតជ្រាប យើងមានតែធម៌របស់ព្រះសម្មាសម្ពុទ្ធនេះ ដើម្បីអប់រំទូន្មានសម្រាប់ញាំងនូវកាយវាចាចិត្តឲ្យធ្វើនូវសេចក្តីល្អ ធ្វើឲ្យយើងទាំងអស់គ្នាបានស្គាល់ពីហេតុនៃេចក្តីសុខ សេចក្តីទុក្ខ អំពីគុណ អំពីទោស បាបបុណ្យ អំពីគុណម្តាយឪពុក»។
សិទ្ធិសេរីភាពនៃការជំនឿ ការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនានៅលើដែនដីស្រុកអន្លង់វែង មិនអាចកើតមានបាននោះឡើយប្រសិនបើដែនដីនេះនៅតែបន្តដឹកនាំដោយមេដឹកនាំខ្មែរក្រហម ហើយមិនអាចបិទបញ្ចប់ភ្លើងសង្គ្រាមបានទេនោះ។ ព្រោះតែហេតុនេះហើយទើបធ្វើឲ្យព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទក្នុងស្រុកអន្លង់វែង បានផ្តល់តម្លៃខ្ពស់បំផុតសម្រាប់នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ជាពិសេសធ្វើឲ្យដួលរលំទាំងស្រុងនូវរបបដ៏យង់ឃ្នងរបស់របស់ខ្មែរក្រហម។
ព្រះចៅអធិការវត្តអន្លង់វែង បានគូសបង្ហាញពីតម្លៃនៃនយោបាយឈ្នះឈ្នះបែបនេះ «ចំណុចនេះបើទោះបីអាត្មាកើតមិនទាន់ពិតមែន តែញោមប្រុស ញោមស្រី ក៏ដូចជាលោកយាយលោកតាចាស់ៗតែងតែលើកដំណាលប្រាប់ថា សម័យមុនវាលំបាក ជូរចត់ វេទនា បបរមួយវែកពីរបីនាក់អ៊ីចឹងទៅ។ ហើយយើងប្រៀបធៀបពីសម័យនោះ និងសម័យនេះខុសគ្នាឆ្ងាយ ខុសគ្នាឆ្ងាយណាស់។ អ៊ីចឹងយើងអាចវាយតម្លៃថា សម័យឥឡូវនេះ សុខសន្តិភាពប៉ុណ្ណេះ មានការអភិវឌ្ឍប៉ុណ្ណេះវាប្រសើរណាស់ សម្រាប់ប្រជាជន ប្រជាពលរដ្ឋយើងទាំងគ្រហស្ថ ទាំងព្រះសង្ឃ។ មានទាំងអគារសិក្សា មានទាំងចំណេះដឹង មានទាំងផ្លូវថ្នល់ មានវត្តអារាម ទីកន្លែងផ្សេងៗ សេដ្ឋកិច្ចសង្គម ឬបញ្ហាផ្សេងៗ ទាំងកន្លែងព្យាបាលមានសព្វបែបយ៉ាងសម្រាប់ជួយប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល»។
ព្រះអង្គបានបន្ថែមថា «វាមិនអាចគណនាបានទេ ព្រោះមុនពេលធ្វើសមាហរណកម្ម ដែនដីអន្លង់វែងនេះ បើគ្មានរាជរដ្ឋាភិបាលមកធ្វើសមាហរណកម្មធ្វើការបង្រួបបង្រួមជាតិនៅក្នុងទីនេះ ក៏ទីនេះអត់ទាន់ស្ងប់ស្ងាត់ដែរ។ ដូចអាត្មាលើកពីខាងដើមអ៊ីចឹងមុនធ្វើសមាហរណកម្មមួយឆ្នាំ គឺប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែងទាំងមូល គឺភាសខ្លួនទៅនៅប្រទេសថៃទាំងអស់អត់មាននរណាម្នាក់នៅក្នុងស្រុកអន្លង់វែងនេះកើតទេ គឺភាសខ្លួនរត់ចោលស្រុកទាំងអស់។ បើមិនមានការបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ក៏មិនអាចចៀសផុតពីរបបវេទនានោះដែរ។ កាលពីសម័យណុង គឺផ្ទះសម្បែងខ្ទេចខ្ទីអស់គ្មានសល់ គឺវ៉ៃកម្ទេចចោលសព្វគ្រប់ទាំងអស់ គឺមើលទៅវាលភ្លើងទាំងអស់ ក្រោយសមាហរណកម្មរួចប្រជាពលរដ្ឋបានចូលមករស់នៅក្នុងដែនដីស្រុកអន្លង់វែង មានការកសាង មានការរួបរួមគ្នាជាមួយអាជ្ញាធរ មន្ត្រីរាជការ បានបង្កបង្កើតនូវប្រព័ន្ធសេវាកម្មផ្សេងៗ សាងសង់កន្លែងស្នាក់នៅផ្សេងៗមានការរីកចម្រើន»៕