(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យ លោក Asri Hassan Sabri ប្រធានក្រុមហ៊ុន Smart Axiata ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីគោលនយោបាយសម្រាប់គាំទ្រការវិនិយោគ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពយ៉ាងឆាប់រហ័ស នៃវិស័យទូរគមនាគមន៍ និង ICT ព្រមទាំងសក្តានុពលនៃការវិនិយោគលើវិស័យនេះ នៅកម្ពុជា តាមរយ:គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កនូវបរិយាកាសអំណោយផល ដល់ការវិនិយោគពីវិស័យឯកជន។
ក្នុងឱកាសនោះដែរ លោក Asri Hassan Sabri ប្រធានក្រុមហ៊ុន Smart Axiata បានគោរពអញ្ជើញលោករដ្ឋមន្ត្រី ដឹកប្រតិភូក្រសួងទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី ក្នុងពេលវេលាសមស្រប ដើម្បីស្វែងយល់ពីការរៀបចំគោលនយោបាយឌីជីថល តម្រង់ទិសឆ្ពោះទៅបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤. និងការត្រៀមខ្លួនសម្រាប់ទទួល យកការមកដល់នៃបច្ចេកវិទ្យា 5G ៕